
រាជធានីភ្នំពេញ៖ ព្យុះឈ្មោះណូល នៅតែបន្តមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី ហើយបានបោកបក់មកសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្កាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់សមុទ្ទមានភ្លៀងធ្លាក់ច្រើនជាងគេ គឺដល់ទៅ៦០ភាគរយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា នៅតំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៦០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ។

ចំណែកតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ក្នុងនោះខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី។ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០ភាគរយ។

រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ មានខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿន៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់មកជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ៕




