ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ នៅដើមខែសីហា មានអ្នកចូលរួមជាង៦ពាន់នាក់
S
Soriya Sou
7 ម៉ោងមុន

ក្រុងសៀមរាប៖ បើគ្មានការប្រែប្រួលទេ ទិវារត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ (11° Angkor Empire Marathon) នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានអ្នកចូលរួមរត់ប្រមាណជាង៦០០០នាក់ មកពីជាង៥០ប្រទេស...។

លោក វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើ នៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៥កក្កដា ថា វត្តមានអ្នកចូលរួមរត់ប្រណាំង៦ពាន់នាក់ក្នុងឆ្នាំនេះ បានកើនឡើង២៥ភាគរយ បើធៀបនិងឆ្នាំមុន ខណៈភ្ញៀវទេសចរបរទេសដែលចូលរួម មានជិត១ពាន់នាក់ មកពី៥១ប្រទេស ក្នុងនោះ៖ ជនជាតិចិន ជប៉ុន និងអង់គ្លេស មានចំនួនច្រើនជាងគេ។ សម្រាប់វិញ្ញាសាប្រកួតក្នុងឆ្នាំនេះ មាន៤ រួមមាន៖ វិញ្ញាសា៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, និង៣គីឡូម៉ែត្រ។ បើតាមលោក វ៉ាត់ ចម្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងស្របទៅនឹងរដូវកាលបៃតងដ៏ស្រស់បំព្រង និងការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជូនទេសចរចិន។ 

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងថាព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយលើកកម្ពស់វិស័យកីឡា និងជួយជំរុញវិស័យទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយ កិត្តិនាមកម្ពុជាទៅកាន់ពិភពលោក ដែលជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ។ ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ពិតជាមានសារសំខាន់ខ្លាំងក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជាពិសេស ខេត្តសៀមរាប បានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក។ ដូច្នេះ លោកស្រីជំរុញដល់គ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត ត្រូវចូលរួមសហការខិតខំធ្វើយ៉ាងណាឱ្យប្រព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្ត្រនេះ ដំណើរការទៅប្រកបដោយភាពជោគជ័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត