
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េ BG Environment Co., Ltd បាននិងកំពុងសិក្សា និងស្វែងរកការគាំទ្រ ដើម្បីនាំចូលសំបកគ្រាប់ស្វាយចន្ទីពីកម្ពុជា ចម្រាញ់យកប្រេង...។

នេះជាការបញ្ជាក់របស់លោក KIM OK GYU នាយកប្រតិបត្តិនៃក្រុមហ៊ុន BG Environment Co., Ltd ប្រាប់ទៅកាន់លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាការងារនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។ ក្នុងជំនួបនោះ ប្រធានក្រុមហ៊ុន BG Environment Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា និងស្វែងរកព័ត៌មានបន្ថែម ព្រមទាំងការគាំទ្រនានាទាក់ទងនឹងការនាំចូលសំបកគ្រាប់ស្វាយចន្ទីឆៅ (CNSL) ជាដំណាក់កាលដំបូងពីកម្ពុជា និងពិចារណាលទ្ធភាពពង្រីកការវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នាពេលអនាគត។

លោកបន្តថា ក្រុមហ៊ុនមានយុទ្ធសាស្ត្ររយៈពេលវែង មិនត្រឹមតែផ្តោតលើការនាំចូលសំបកគ្រាប់ស្វាយចន្ទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគម្រោងវិនិយោគក្នុងឧស្សាហកម្មកែច្នៃដ៏មានសក្តានុពល ដោយត្រៀមសហការបង្កើតរោងចក្រកែច្នៃ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាពសម្រាប់សំបកគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា។ ក្រុមហ៊ុនក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអាជីវកម្មកម្ពុជាមួយចំនួន ដែលមានរោងចក្រកែច្នៃួចហើយផងដែរ។ ក្នុងន័យនេះ លោកបានស្នើសុំឱ្យក្រសួងពាក់ព័ន្ធជួយសម្រួលលើការបំពេញនីតិវិធីគយ និងអធិការកិច្ច ដើម្បីកាត់បន្ថយការបង់ថ្លៃសេវាបន្ថែម និងកាត់បន្ថយការចំណាយខ្ពស់លើការដឹកជញ្ជូនពីរោងចក្រទៅកាន់កំពង់ផែនៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន BG Environment Co., Ltd កំពុងអភិវឌ្ឍបច្ចេកវិទ្យាដើម្បីទាញយកប្រេងជីវៈ និងផលិតផលរងផ្សេងៗពីសំបកគ្រាប់ស្វាយចន្ទី ខណៈក្រុមហ៊ុនកំពុងដាក់ពាក្យសុំប៉ាតង់ទាក់ទងនឹងបច្ចេកវិទ្យាកែច្នៃនេះ។ បន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាល ក្រុមហ៊ុនរំពឹងថា នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីរដ្ឋាភិបាលកូរ៉េ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនៅបរទេស៕




