
ក្រុងច្បារមន៖ ផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ស្ពឺ បើកដំណើរការជារៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង៦:០០នាទីល្ងាច ស្ថិតនៅបរិវេណវិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក...។

ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ផលិតផលខ្មែរជាច្រើនមុខជាស្នាដៃរបស់កសិករ ផលិតករ និងសិប្បករខ្មែរ ក្នុងខេត្តកំពង់ស្ពឺ កំពុងដាក់តាំងលក់ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានជ្រើសរើសទិញផលិតផលក្នុងស្រុកប្រកបដោយគុណភាព។ ដូច្នេះ សូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃកូនខ្មែរ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយសម្រាប់កសិករ និងផលិតករខ្មែរ។

ក្រសួងបន្ថែមថា ក្រោមការយកចិត្តទុកដាក់ ព្រមទាំងការសម្របសម្រួលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំ និងដាក់ឱ្យដំណើរការផ្សារផលិតផលខ្មែរនេះតាំងពីឆ្នាំ២០១៩ ដោយបន្តដើរតួនាទីជាវេទិកាតភ្ជាប់ទីផ្សាររវាងអ្នកផលិត និងអ្នកប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះ ការបង្កើតផ្សារផលិតផលខ្មែរ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើនទីផ្សារសម្រាប់កសិករ និងសហគ្រាសខ្នាតតូច ពង្រឹងខ្សែច្រវាក់តម្លៃផលិតកម្ម បង្កើនប្រាក់ចំណូល និងរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព៕



