
រាជធានីភ្នំពេញ៖ ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន បានកើនឡើងជិត៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...។

កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ទុរេនស្រស់កម្ពុជាចំនួន៣កុងតឺន័រ (ប្រមាណជាង៥០តោន) របស់ក្រុមហ៊ុន ពេជ្រដា (Pechenda Fruit Production Co., Ltd.) ត្រូវបានសម្ពោធ ដើម្បីធ្វើការដឹកជញ្ជូននាំចេញជើងទី១ ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។ ក្រសួងកសិកម្ម គូសបញ្ជាក់ថា៖ «គិតត្រឹម៧ខែដើមឆ្នាំ២០២៦ ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់៥៧៣៨តោន ដែលកើនឡើងជិត៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥»។

ក្រសួងកសិកម្មចាត់ទុក សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួង ក្នុងការសម្របសម្រួលបើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹកដែលត្រូវចំណាយពេលពី១៥ ទៅ២០ថ្ងៃ។ បើទោះបីជាទើបតែដំណើរការថ្មីៗ ប៉ុន្តែច្រកនាំចេញថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត១០ភាគរយ នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុប ប្រចាំឆ្នាំ២០២៦។ សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ក្នុងថ្ងៃទី១៨កក្កដា ក្នុងឆ្នាំដដែល ផ្លែទុរេនស្រស់របស់កម្ពុជាជាង១៧តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូងតាមផ្លូវសមុទ្ទ។ ព្រោះតែមានគុណភាពល្អ គ្មានសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ទុរេនខ្មែរ ត្រូវបានប្រជាជនចិននាំគ្នាសរសើរមិនដាច់ពីមាត់ថា «ពិតជាមានឱជារសឈ្ងុយឆ្ងាញ់»៕




