ថៃក្រពុលមុខរកទីផ្សារលក់ទុរេនជាង៣០ម៉ឺនតោន ក្រោយចិនផ្អាកការបញ្ជាទិញព្រោះបញ្ហាគុណភាព
N
Nary Vann
17 ម៉ោងមុន

រាជធានីបាងកក៖ កាន់តែធ្ងន់ក! ពេលនេះ ថៃកំពុងជួបវិបត្តិទីផ្សារធ្ងន់ធ្ងរម្តងទៀត លើការនាំចេញទុរេនជាង៣សែនតោនមកពីភាគខាងត្បូង ខណៈក្រសួងពាណិជ្ជកម្មថៃ កំពុងស្វែងរកយុទ្ធសាស្ត្រ ដើម្បីជំរុញការបរិភោគ និងការចែកចាយទុរេន បន្ទាប់ពីទីផ្សារធំជាងគេ គឺប្រទេសចិន សម្រេចផ្អាកការបញ្ជាទិញជាបណ្តោះអាសន្ន ដោយសារតែបញ្ហាគុណភាពផ្លែទុរេន...។

ការកើនឡើងនៃទិន្នផលទុរេនភាគខាងត្បូងរហូតដល់៣០ភាគរយ ឬត្រូវនឹងប្រមាណ ៧៥២ ៥១៥តោន បូករួមទាំងការប្រកួតប្រជែងពីប្រទេសជិតខាង និងការបាត់បង់ទំនុកចិត្តពីការទទួលទានរបស់ពលរដ្ឋចិន បានធ្វើឱ្យតម្លៃទុរេនក្នុងស្រុកធ្លាក់ចុះយ៉ាងគំហុក នៅដើមរដូវកាលនេះ។ ជាក់ស្តែង ទុរេន ម៉ាន់ថង (Monthong) ភាគខាងត្បូង មានតម្លៃចន្លោះពី២,៥៣ទៅ៣,១៣ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទល្អ។ បច្ចុប្បន្ន ទុរេនប្រមាណ៣៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានបញ្ចេញលក់នៅលើទីផ្សារ ខណៈប្រហែលជិត៤៩ម៉ឺនតោនទៀត កំពុងរង់ចាំការចែកចាយ។ 

ដើម្បីទប់ទល់នឹងការកកស្ទះទិន្នផល រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្ម កំពុងប្រញាប់ប្រញាល់ជំរុញយុទ្ធនាការស្រូបយកទុរេនប្រមាណ៣សែនតោន ចូលទៅកាន់ទីផ្សារក្នុងស្រុកវិញ។ វិធានការទាំងនោះ រួមមាន ការចុះកិច្ចសន្យាទិញទុកជាមុន ការបញ្ចុះតម្លៃសេវាដឹកជញ្ជូន ការបើកស្តង់លក់ផ្ទាល់ និងការរៀបចំកម្មវិធីប្រូម៉ូសិនទាក់ទាញអ្នកបរិភោគក្នុងស្រុក ដើម្បីជួយទប់ទល់តម្លៃកុំឱ្យធ្លាក់ចុះទាបជាងនេះ។ យ៉ាងណាមិញ ទោះបីជាជួបឧបសគ្គផ្នែកគុណភាព និងការផ្អាកបញ្ជាទិញពីចិនលើប្រភពទុរេនភាគខាងត្បូងក៏ដោយ ក៏ការនាំចេញទុរេនសរុបរបស់ថៃ ចាប់ពីដើមឆ្នាំរហូតដល់ដើមខែកក្កដា ឆ្នាំ២០២៦នេះ នៅតែសម្រេចបានជាង៩០៨ ០០០តោន បង្កើតប្រាក់ចំណូលបានជាង១០៤ពាន់លានបាត ឬប្រហែលជិត៣ពាន់លានដុល្លារអាម៉េរិក ពីការលក់ចេញលើទីផ្សារបរទេស

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត