
រាជធានីភ្នំពេញ៖ ស្របពេលកម្ពុជា-ថៃ មិនអាចធ្វើពាណិជ្ជកម្មដោះដូរទំនិញបន្លែ ផ្លែឈើ ដោយសារបញ្ហាជម្លោះព្រំដែន កម្ពុជាទទួលបានសិទ្ធិនាំចេញផ្លែទុរេនស្រស់ ទៅកាន់ប្រទេសចិនដោត្រង់ ខណៈផ្លែទុរេនស្រស់នេះជាកសិផលទី៩ហើយ ដែលនាំចេញទៅទីផ្សារចិនបន្ទាប់ពីអង្ករនិងកន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង...។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ បានជូនដំណឹងថា៖«កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការពីរអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា»។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្ដង់ដារសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ក្រសួងចាត់ទុកថា នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិន។

ដើម្បីធានានូវគុណភាព និងនិរន្តរភាពការនាំចេញ ក្រសួងអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារ ដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។ ក្រសួងក៏ប្រាប់ដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការជាមួយក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដើម្បីជំរុញផលិតកម្ម ការវេចខ្ចប់ និងការនាំចេញផ្លែទុរេនស្រស់កម្ពុជា ឱ្យទទួលបានជោគជ័យយូរអង្វែង។ ក្នុងកាលៈទេសៈនេះ កម្ពុជាជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀតដែលមានបំណងនាំចេញ ត្រូវរួសរាន់ទៅដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ៕






