
រាជធានីភ្នំពេញ៖ ក្នុងអំឡុងពេលកម្ពុជា-ថៃ មិនអាចធ្វើពាណិជ្ជកម្មដោះដូរទំនិញដោយសារជម្លោះព្រំដែន កម្ពុជាទទួលបានសិទ្ធិនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនដោយត្រង់ ជាពិសេសតាមរយៈផ្លូវអាកាសដែលប្រើពេលប្រមាណតែ៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា..។

លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនារាត្រីថ្ងៃទី១២សីហា ឆ្នាំ២០២៥ថា កម្ពុជាចាប់ផ្តើមដឹកទុរេនស្រស់ទៅកាន់ប្រទេសចិនតាមផ្លូវអាកាសជាលើកដំបូងចំនួន២តោន ដល់ខេត្តហេណាន(Henan) ក្នុងរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ។ លោកទូតកត់សម្គាល់ថា៖«ការដឹកជញ្ជូនទុរេនកម្ពុជា តាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាព និងរសជាតិរបស់វា ដូច្នេះហើយ កសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់»។

តាមលោកទូតដដែល បច្ចុប្បន្នកសិផលកម្ពុជាចំនួន១៦មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន៖ អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។ ការណ៍នេះ បង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

គួរជ្រាបថា ក្រោយទទួលបានសិទ្ធិនាំចេញផ្លែទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ម្ចាស់ចម្ការទុរេនកម្ពុជាចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ បានបំពេញគោលការណ៍កសិកម្មល្អ (GAP) ក្នុងលក្ខខណ្ឌភូតគាមអនាម័យ និងស្ដង់ដារសុវត្ថិភាពចំណីអាហារនាំចេញទៅប្រទេសចិន។ ក្នុងនោះ ផ្លែទុរេនស្រស់របស់កម្ពុជា ជាង១៧តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង តាមផ្លូវសមុទ្ទ កាលពីថ្ងៃទី១៨កក្កដា ក្រោមការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម៕



