ក្រុមហ៊ុន២របស់ចិន ព្រមព្រៀងទិញដំណាប់ស្វាយ និងទុរេន៣,៥ម៉ឺនតោនពីកម្ពុជា
S
Soriya Sou
08 មិថុនា 2025 04:00 PM

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន២ បានសម្រេចចិត្តទិញដំណាប់ស្វាយកម្ពុជា ចំនួន២ម៉ឺនតោន និងទុរេនកម្ពុជាចំនួន១ម៉ឺន៥ពាន់តោន ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជ នៅថ្ងៃទី៧មិថុនាម្សិលមិញ...។

តំណាងភាគីកម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់ ដំណាប់ស្វាយ និងទុរេន របស់កម្ពុជា
តំណាងភាគីកម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់ ដំណាប់ស្វាយ និងទុរេន របស់កម្ពុជា

ក្រុមហ៊ុនទាំងពីរ រួមមាន៖ ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd.។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដោយមើលឃើញគុណភាព នៃផលិតផលរបស់កម្ពុជា ក្រុមហ៊ុនចិនទាំងពីរ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រជាមួយកម្ពុជា សម្រាប់ទិញ-លក់ ដំណាប់ស្វាយកម្ពុជាចំនួន២ម៉ឺនតោន ធ្វើឡើងចាប់ពីឆ្នាំ២០២៥-២០២៧ និងទុរេនកម្ពុជាចំនួន១ម៉ឺន៥ពាន់តោន ចាប់ពី២០២៥-២០២៦។ ពិធីចុះកិច្ចព្រមព្រៀងទិញ-លក់ ដំណាប់ស្វាយ និងទុរេនរបស់កម្ពុជា ធ្វើឡើងកាលពីថ្ងៃទី៦មិថុនា ក្រោមអធិបតីភាពលោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Zeng Ling អភិបាលរងទីក្រុងប៉ីហៃ នាទៅក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ក្រៅពីកិច្ចព្រមព្រៀងទិញ-លក់ដំណាប់ស្វាយ និងទុរេនកម្ពុជា ថ្នាក់ដឹកនាំកម្ពុជា-ចិន លោក លីម ឡោកពិសិដ្ឋ និងលោកស្រី Zeng Ling ក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទំនិញកសិផលកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងថ្ងៃជាមួយគ្នាផងដែរ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែម និងជំរុញការនាំចេញផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែទូលំទូលាយ។ សូមជម្រាបថា ផលិតផលខ្មែរជាច្រើនកំពុងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានការសរសើរពីគុណភាព​ និងរសជាតិ។ 

សូម្បីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា ក៏បានលាន់មាត់សរសើរមិនឈប់ ពិសេសលើផលិតផលស្វាយ និងទុរេនរបស់កម្ពុជា។ ថ្មីៗនេះ លោក វ៉ាង វិនពីន បានប្រកាសប្រាប់ពិភពលោកតាមរយៈបណ្ដាញសង្គមរបស់លោកថា ទុរេនរបស់កម្ពុជា ជាទុរេនឆ្ងាញ់ជាងគេនៅលើពិភពលោក ខណៈស្វាយកែវចិនរបស់កម្ពុជា ក៏មានរសជាតិឆ្ងាញ់ ដែលអ្នកទេសចរគ្រប់គ្នាបានមកលេងហើយមិនគួរមើលរំលង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត