កូរ៉េខាងជើងឆេះដុំ ក្រោយកូរ៉េខាងត្បូង ដឹកនាំសមយុទ្ធទ្រង់ទ្រាយធំជាមួយអាម៉េរិក
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានចេញផ្សាយអត្ថបទវាយប្រហារធ្ងន់ៗ ដោយហៅ ប្រទេសកូរ៉េខាងត្បូង ថា ជាអាយ៉ងអាម៉េរិក បន្ទាប់ពីរដ្ឋធានីសេអ៊ូល បានចូលរួម និងដឹកនាំសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងបានព្រមានថា រដ្ឋធានីសេអ៊ូល និងវ៉ាស៊ីនតោន ត្រូវតែទទួលខុសត្រូវរាល់ផលវិបាក និងការកើនឡើងកម្តៅយោធាណាមួយ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់។

ការរិះគន់យ៉ាងចាស់ដៃពីសំណាក់រដ្ឋធានីព្យុងយ៉ាង នាពេលនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹកកូរ៉េខាងត្បូង បានទទួលសិទ្ធិដឹកនាំកងកម្លាំងម៉ារីនជាលើកដំបូង នៅក្នុងសមយុទ្ធជើងទឹកអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក ឈ្មោះថា «RIMPAC» នៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន។ សមយុទ្ធ RIMPAC ដែលត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងនេះ មានប្រទេសចូលរួមប្រមាណ៣០ប្រទេស រួមទាំងជប៉ុន កាណាដា និងអូស្ត្រាលីផងដែរ។ KCNA បានចោទប្រកាន់ថា៖«ការចូលរួមរបស់កងកម្លាំងអាយ៉ងកូរ៉េខាងត្បូង ធ្វើឡើងចំពេលដែលការត្រូវរ៉ូវគ្នាផ្នែកយោធា កាន់តែលេចឡើងច្បាស់ក្រឡែត ជាពិសេស គឺការរឹតចំណងសន្តិសុខត្រីភាគីរវាង អាម៉េរិក-កូរ៉េខាងត្បូង-ជប៉ុន និងការបង្កើនទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយបក្សសម្ព័ន្ធយោធាណាតូ»

គួររំលឹកផងដែរថា នេះជាលើកដំបូងបង្អស់ក្នុងរយៈពេលប្រហែល១ឆ្នាំ៣ខែ ដែលកូរ៉េខាងជើង បានងាកមកប្រើពាក្យប្រមាថថា «អាយ៉ង» ទៅលើរដ្ឋធានីសេអ៊ូលឡើងវិញ គិតចាប់តាំងពីព្រឹត្តិការណ៍ខែមេសា ឆ្នាំ២០២៥ នៅពេលដែលធុងប្រេង និងកាំភ្លើងយន្តហោះចម្បាំងកូរ៉េខាងត្បូង បានធ្លាក់ក្នុងតំបន់ភ្នំនៃខេត្តកាងវ៉ុន Gangwon អំឡុងពេលហ្វឹកហាត់។ មិនតែប៉ុណ្ណោះ ព្យុងយ៉ាងបានសង្កត់ធ្ងន់ថា សមយុទ្ធ RIMPAC មិនមែនជាការហ្វឹកហាត់ធម្មតានោះទេ ប៉ុន្តែវាគឺជា «ការបង្ហាញកម្លាំងសង្រ្គាម» របស់អាម៉េរិក និងសម្ព័ន្ធមិត្ត ដើម្បីតម្រង់ទិសដៅវាយប្រហារលើបណ្តាប្រទេសនានាក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលអាចនឹងធ្វើឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េ ធ្លាក់ចូលក្នុងគ្រោះថ្នាក់ដែលមិនអាចទាយទុកជាមុនបានគ្រប់ពេល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត