«ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ»នឹងប្រារព្ធឡើងវិញក្រោយខកខាន២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩
SoKeng
10 មិថុនា 2022 10:00 PM

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំ «ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១០» នៅថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២២ នៅមុខព្រះបរមរាជវាំង ក្រោយខកខាកធ្វើរយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ-១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នាថ្ងៃទី១០ ខែមិថុនា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា គោលបំណងរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ គឺដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ​ សីហនុ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ នឹងជាផ្នែកមួយផ្សព្វផ្សាយនៃដំណើរឆ្ពោះទៅ ម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

បើតាម ឯកឧត្តម វ៉ាត់ ចំរើន កម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ គឺទទួលអ្នកចូលរួមតែចំនួន៤ពាក់នាក់ប៉ុណ្ណោះ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា  អ្នកចូលរួមចុះឈ្មោះរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិមានជិត៤ពាន់នាក់ ក្នុងនោះមានជន​បរទេសក្នុងស្រុកចំនួន២០០នាក់ និងជនបរទេសដែលមកពីក្រៅប្រទេសចំនួន១០០នាក់។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា ថវិកាដែលទទួលបានពីការចុះឈ្មោះរបស់អ្នកចូលរួមក្នុងការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ មួយចំណែកយកទៅជួយមន្ទីរពេទ្យគន្ធបុប្ពា និងមួយចំណែកទៀតជួយដល់វិស័យកីឡា។

​អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ នឹងមានវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ, ចម្ងាយ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។

គូសបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងផ្លាស់ប្ដូរវិញ្ញាសារត់ប្រណាំងពី៣គីឡូម៉ែត្រទៅជា៥គីឡូម៉ែត្រ និងបន្ថែមវិញ្ញាសាត់ចម្ងាយ២,​៥គីឡូម៉ែត្រ សម្រាប់ជំរុញឱ្យក្មេងៗចូលរួមប្រកួតដើម្បីបង្កើនស្មារតីឱ្យកុមារស្រឡាញ់វិស័យកីឡា​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត