
រាជធានីបាងកក៖ រថយន្តសណ្ដោងយោធាថៃធុនធ្ងន់ចំនួន២គ្រឿង ដែលបានធ្វើដំណើរត្រឡប់ពីតំបន់ព្រំដែន ជាប់ខេត្តស្រះកែវ ឆ្លងកាត់ខេត្តស្ទឹងជ្រៅ (ฉะเชิงเทรา) សំដៅទៅកាន់រាជធានីបាងកក បានជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ពីលើស្ពានអាកាស កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដូចត្រូវបណ្តាសាដូនតាខ្មែរ ស្របពេលផ្លូវមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យទាហានថៃ២នាក់រងរបួស...។

ហេតុការណ៍នេះ កើតឡើងនៅតំបន់ទីប្រជុំជននៃខេត្តស្ទឹងជ្រៅ ដោយក្នុងនោះ រថយន្តសណ្ដោងយោធាថៃ ទីមួយបានក្រឡាប់ធ្លាក់ពីលើស្ពានមកសង្កត់លើផ្លូវស្របគ្នានៅខាងក្រោម បណ្ដាលឱ្យអ្នកបើកបរ និងទាហានម្នាក់ទៀតរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានកងកម្លាំងផ្នែកសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ រីឯរថយន្តសណ្ដោងយោធាថៃទីពីរ ដែលបើកតាមពីក្រោយ ក៏បានរអិលបាត់បង់ការគ្រប់គ្រង និងធ្លាក់ផ្លូវដូចគ្នា ប៉ុន្តែមិនបណ្ដាលឱ្យមានអ្នករងរបួសបន្ថែមទេ។

តាមប្រភពព័ត៌មានពីកងទ័ពថៃ បានឱ្យដឹងថា រថយន្តសណ្ដោងយោធាទាំងពីរនេះ គឺជាផ្នែកមួយនៃក្បួនរថយន្តដឹកជញ្ជូនរបស់នាយកដ្ឋានដឹកជញ្ជូនកងទ័ពជើងគោកថៃ ដែលមានរថយន្តសរុបចំនួន៥គ្រឿង (រួមមាន រថយន្តភីកអាប់នាំមុខ រថយន្តកង់១០ចំនួន២គ្រឿង និងរថយន្តសណ្ដោងយោធាធុនធ្ងន់២គ្រឿងនៅខាងក្រោយគេ)។ ក្បួនរថយន្តសណ្ដោងយោធាទាំងនេះ ទើបនឹងមកពីដឹកជញ្ជូនលួសបន្លា យកទៅផ្គត់ផ្គង់ឱ្យបញ្ជាការដ្ឋានយោធា ភូមិភាគខាងកើត ដែលបាននិងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ នៅព្រំដែនខេត្តស្រះកែវ ក្នុងជុំទី៣ និងកំពុងធ្វើដំណើរត្រឡប់ទៅរាជធានីបាងកកវិញ ដើម្បីដឹកលួសបន្លារជុំទី៤ ដែលជាជុំចុងក្រោយ ដើម្បីយកទៅពង្រាយបន្ថែមទៀត ប៉ុន្តែក៏ជួបគ្រោះថ្នាក់រអិលធ្លាក់ពីលើស្ពានតែម្ដង៕



