
រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានគូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស និងអ៊ូសបេគីស្ថាន។ នេះបើតាមប្រភពព័ត៌មានពីក្រសួងការបរទេសចិន បញ្ជាក់នៅថ្ងៃសុក្រទី២៤កក្កដានេះ...។

លោក វ៉ាង យី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស លោក ម៉ាស៊ីម រីហ្សិនកូវ (Maxim Ryzhenkov) និងរដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន លោក បាកទីយ៉រ សាយដូវ (Bakhtiyor Saidov) នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) នាទីក្រុងប៊ីស្កេក (Bishkek)។ ផ្អែកតាមសេចក្តីថ្លែងការណ៍ លោក វ៉ាង បានថ្លែងអំណរគុណដល់ប្រទេសបេឡារុស្ស ដែលបានឈរជើងយ៉ាងរ៉ឹងប៉ឹង និងមិនងាករេ ជាមួយប្រទេសចិន លើបញ្ហាទាំងហ្លាយណា ដែលប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ចិន។ លើសពីនេះ ចិនបានអំពាវនាវឱ្យមានការរឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ឱ្យកាន់តែខ្លាំងក្លា និងរៀបចំការងារបង្កើតធនាគារអភិវឌ្ឍន៍រួមគ្នា។

មិនត្រឹមតែប៉ុណ្ណោះ លោក វ៉ាង យី បានជំរុញឱ្យមានគម្រោងសហគ្រាសឧស្សាហកម្មធំៗបន្ថែមទៀត ព្រមទាំងការពន្លឿនការកសាងគម្រោងផ្លូវដែក ចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន។ ចិនបានស្នើឱ្យមានការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ដូចជា៖ អង្គការសហប្រជាជាតិ(UN), អង្គការសហប្រតិបត្តិការស៊ាងហៃ(SCO) និងយន្តហោះកិច្ចសហប្រតិបត្តិការ ចិន-អាស៊ី កណ្តាល។ គួរបញ្ជាក់ថា អង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) គឺជាប្លុកអឺរ៉ាស៊ីដែលមានសមាជិក១០ប្រទេស រួមមាន៖ ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និងបណ្តាប្រទេសនៅអាស៊ីកណ្តាល៕



