
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរមកទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខ ដោយក្នុងនោះប្រធានបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានរំពឹងថា នឹងក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងជំនួបទ្វេភាគីនេះ...។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់សេតវិមាន គឺជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់លោក ដូណាល់ ត្រាំ កាលពីពេលដែលលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង កាលពីដើមឆ្នាំកន្លងទៅ។ លោក ត្រាំ បានបញ្ជាក់ថា៖«ប្រធានាធិបតី ស៊ី នឹងមកអាម៉េរិកនៅថ្ងៃទី២៤ ខែកញ្ញា។ យើងធ្លាប់បានជជែកគ្នាអំពីបញ្ញាសិប្បនិម្មិត (AI) រួចមកហើយ នៅពេលខ្ញុំទៅប៉េកាំង ហើយយើងនឹងបន្តពិភាក្សាអំពីប្រធានបទនេះម្ដងទៀត នៅពេលខាងមុខ»។ លោកត្រាំបន្ថែមថា AI គឺជាប្រធានបទដ៏ធំបំផុត ហើយសហរដ្ឋអាម៉េរិកត្រូវតែបន្តនាំមុខចិន ក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាមួយនេះ ព្រោះនរណាដែលឈ្នះការប្រកួតប្រជែង AI នឹងក្លាយជាអ្នកឈ្នះលើគ្រប់វិស័យ។

ជំនួបកំពូលនាពេលខាងមុខ កើតឡើងចំពេលដែលរដ្ឋបាលលោក ត្រាំ កំពុងជួបប្រទះនូវសម្ពាធយ៉ាងខ្លាំង ជុំវិញការកើនឡើងនៃប្រជាប្រិយភាពនៃម៉ូឌែល AI របស់ចិន ដែលមានតម្លៃថោកជាង និងងាយស្រួលប្រើជាងម៉ូឌែលរបស់សហរដ្ឋអាម៉េរិក ដូចជា Anthropic ឬ Open AI។ មន្ត្រីសេតវិមាន និងក្រុមហ៊ុន Anthropic បានចោទប្រកាន់ក្រុមហ៊ុនចិនទាំងនោះថា បានលួចចម្លងសមត្ថភាព AI របស់សហរដ្ឋអាម៉េរិក និងបានគេចវេះពីការរឹតបន្តឹងការនាំចេញបន្ទះឈីប Nvidia របស់សហរដ្ឋអាម៉េរិកទៀតផង។

គួររំលឹកផងដែរថា មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ បានជួបគ្នាចុងក្រោយ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់រដ្ឋធានីប៉េកាំង កាលពីដើមឆ្នាំនេះ ដែលពេលនោះ លោក ត្រាំ បានអញ្ជើញលោក ស៊ី មកទស្សនកិច្ចនៅសេតវិមានវិញ។ មុនឈានដល់ការប្រកាសនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏បានពិភាក្សាគ្នាតាមទូរសព្ទ ដើម្បីរៀបចំគ្រឹះសម្រាប់ជំនួបកំពូលនេះ ឱ្យទទួលបានលទ្ធផលវិជ្ជមានផងដែរ៕



