
អន្តរខេត្ត៖ ក្នុងរយៈពេល៦ខែ ពោល គឺចាប់ពីខែមករាដល់មិថុនា ឆ្នាំ២០២៦ អង្គភាព ស៊ីម៉ាក់ បានរុករកឃើញគ្រាប់ដែលយោធាថៃបានបាញ់ និងទម្លាក់មកលើទឹកដីកម្ពុជា មានគ្រាប់បែកចង្កោមប្រភេទដូចជា M៤២ M៤៦ និងM៨៥ ប្រមាណ៦លានទៅ៧លានគ្រាប់។នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី២៥កក្កដា...។

អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ការងារ៦ខែនេះ សម្រេចលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា ស្រាវជ្រាវព័ត៌មានតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាននៅតាមបណ្តាខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកោះកុង ក្នុង២២ស្រុក ស្មើនឹង៦០ឃុំ-សង្កាត់ មាន៣៣៥ភូមិ។ ទីតាំងទម្លាក់គ្រាប់បែកមានចំនួន២៦៥ពហុកោណ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន ៤៨២៩ហិកតា និងទីតាំងគ្រាប់បែកចង្កោម ចំនួន៣៨៥៨ពហុកោណ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន ២៦២ ៥០៦ហិកតា។ តាមការប៉ាន់ស្មានយោធាថៃ អាចបាញ់គ្រាប់បែកចង្កោមប្រភេទគ្រាប់១៥៥មម ចំនួនប្រមាណ១២០ ០០០ ទៅ១៣០ ០០០គ្រាប់ និងមានកូនគ្រាប់បែកចង្កោមប្រភេទ M៤២ M៤៦ និងM៨៥ ប្រមាណ៦លានទៅ៧លានគ្រាប់ ហើយអាចមានកម្រិតមិនផ្ទុះ ប្រមាណ២៥ទៅ៣០ភាគរយ។

លើសពីនេះ បានបោសម្អាតរំដោះផ្ទៃដីអាទិភាព សម្រាប់ជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ បានចំនួន៥៩១១ខ្នង តំបន់ផ្ទៃដីសាលារៀនចំនួន៨៧ខ្នង និងមណ្ឌលសុខភាព១៥៤ហិកតា តំបន់មណ្ឌលសុខភាពចំនួន២០ទីតាំង វត្តអារាមមានចំនួន៦វត្ត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន១១៤ទីតាំង។ហើយរកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង៨៤០០គ្រាប់។ មួយវិញទៀត ក៏បានផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះដល់ពលរដ្ឋ៕




