
រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងក្លិនថ្នាំបាញ់រថយន្តនៅយានដ្ឋានឈ្មោះ វណ្ណៈ ហេង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ក៏សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យមើល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

ជាលទ្ធផល មន្រ្តីជំនាញរកឃើញយានដ្ឋាននេះ អនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ បណ្តាលឱ្យចំហាយសារធាតុគីមីបង្កគ្រោះថ្នាក់ សាយភាយចេញទៅក្នុងបរិយាកាសជុំវិញ។ ការបំពុល កើតចេញពីការបាញ់ថ្នាំលាបរថយន្តនៅទីតាំងនេះ បានបង្កឱ្យមានក្លិនមិនល្អ ប៉ះពាល់ដល់គុណភាពខ្យល់ និងបង្កហានិភ័យដល់សុខភាពសាធារណៈ។

តាមរយៈសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងបរិស្ថាន អះអាងថា យានដ្ឋាននេះ មិនបានអនុវត្តតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានឡើយ។ ក្រុមការងារជំនាញ បានសម្រេចបញ្ជាឱ្យផ្អាកជាបន្ទាន់នូវសកម្មភាពបាញ់ថ្នាំលាបរថយន្ត រហូតដល់ម្ចាស់អាជីវកម្មអនុវត្តឱ្យបានពេញលេញតាមវិធានការបរិស្ថាន និងបំពេញនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ។

ក្រសួងបរិស្ថាន ពន្យល់ថា ថ្នាំលាបរថយន្ត មានផ្ទុកសារធាតុគ្រោះថ្នាក់ជាច្រើន រួមមាន សារធាតុសរីរាង្គងាយនឹងហួត (Volatile Organic Compounds), សារធាតុរំលាយ (Solvents) លោហៈធ្ងន់ និងភាគល្អិតតូចៗក្នុងបរិយាកាស។ ការប៉ះពាល់សារធាតុទាំងនេះ អាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើម រលាកភ្នែក ស្បែក ឈឺក្បាល វិលមុខ និងបញ្ហាសុខភាពផ្សេងៗ។ ការប៉ះពាល់រយៈពេលវែង អាចនាំឱ្យមានហានិភ័យនៃជំងឺសួតរ៉ាំរ៉ៃ ជំងឺប្រព័ន្ធប្រសាទ និងរហូតអាចដល់ជំងឺមហារីក។ លើសពីនេះ ការបញ្ចេញសារធាតុទាំងនេះ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ នឹងនាំឱ្យមានការបំពុលបរិយាកាស ការបំពុលដី និងប្រភពទឹក ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់ជុំវិញផងដែរ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា៖«ការការពារសុខភាពសាធារណៈ និងបរិស្ថាន គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា»។ លោក បន្តថា ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យគ្រប់អាជីវកម្មអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន ដើម្បីការពារសហគមន៍ និងបរិស្ថានជុំវិញ។

អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា អាទិភាពរបស់ក្រសួងបរិស្ថាន គឺជួយឱ្យប្រតិបត្តិករយល់ដឹង និងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះបរិស្ថាន។ លោក បន្តថា ការរំលោភបំពានវិធានការ ហើយបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ឬបរិស្ថាន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយយុត្តិធម៌ តម្លាភាព និងស្មើភាព។ លោក ថ្លែងដូច្នេះថា៖«ការការពារបរិស្ថាន និងការអភិវឌ្ឍអាជីវកម្មប្រកបដោយការទទួលខុសត្រូវ អាចដើរទន្ទឹមគ្នាបាន។ តាមរយៈកិច្ចសហការ ស្មារតីទទួលខុសត្រូវ និងការគោរពច្បាប់ យើងអាចរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាប្រទេសស្អាត បៃតង និងមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»៕



