អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលបង្កាន់ដៃនាគប៉ែកខាងត្បូងប្រាសាទអង្គរវត្ត
អុន សម្ផស្ស
12 ម៉ោងមុន

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល និងពង្រឹងរចនាសម្ព័ន្ធបង្កាន់ដៃនាគប្រវែង២០ម៉ែត្រនៅប៉ែកខាងត្បូងប្រាសាទអង្គរវត្តឡើងវិញ បន្ទាប់ពីបាក់ និងដួលរលំទាំងស្រុង។ អាជ្ញាធរជាតិអប្សរា ប្រកាសព័ត៌មាននេះ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

លោក សយ សុភារិន្ទ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា គម្រោងជួសជុលនេះ ត្រូវបានចាត់ទុកកិច្ចការអាទិភាព ដោយសារបង្កាន់ដៃនាគ ជាចំណុចពិសេសដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ តែងតែឈរថតរូប។ លោកបន្ថែមថា បង្កាន់ដៃនាគប្រវែង២០ម៉ែត្រ ដែលកំពុងជួសជុលនេះ មានដងខ្លួននាគចំនួន៨ និងជើងទម្រចំនួន៩។

លោក បន្តថា ក្រុមការងារ បានរើថ្ម តថ្មដែលបាក់បែក និងដាប់ឆ្លាក់ជើងទម្រ ព្រមទាំងប្រើប្រាស់កំណាត់ដងខ្លួននាគថ្មី ជំនួសកន្លែងដែលបាត់បង់ ឬខូចខាតខ្លាំង។ គម្រោងជួសជុលបង្កាន់ដៃនាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត