
ទីក្រុងញូវយ៉ក៖ ជាព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ! រដ្ឋសមាជិកចំនួន៨២ ក្នុងចំណោម១២៥ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ឬ ICC) បានបោះឆ្នោតជាសម្ងាត់នៅអង្គការសហប្រជាជាតិ ដើម្បីដកអគ្គរដ្ឋអាជ្ញាកំពូល លោក ការីម ខាន់ (Karim Khan) ចេញពីតំណែងជាផ្លូវការ។ ការសម្រេចចិត្តដ៏ធំនេះ ធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា លោក ខាន់ បានប្រព្រឹត្តកំហុសឆ្គង និងរំលោភបំពានកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងបទបំពានផ្លូវភេទលើជំនួយការស្រីផ្ទាល់របស់លោក។

ជំនួយការជាជនរងគ្រោះ ហើយក៏ជាមេធាវីជនជាតិម៉ាឡេស៊ី បានលាតត្រដាងថា លោក ខាន់ បានព្យាយាមបំពានផ្លូវភេទលើរូបនាងជាបន្តបន្ទាប់។ លោក ខាន់ ដែលធ្លាប់ជាតួអង្គលេចធ្លោក្នុងការចេញដីកាតាមចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហូ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ហើយប្រកាសថា នឹងប្រយុទ្ធប្រឆាំងសេចក្តីសម្រេចនេះតាមផ្លូវច្បាប់។ អ៊ីស្រាអែល បានសាទរចំពោះការដកតំណែងលោក ខាន់ ហើយបន្តបកស្រាយថា ដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែលកន្លងមក គឺជារឿងនយោបាយ។

ចំណែក អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) លើកឡើងថា ICC ត្រូវតែរក្សាស្ដង់ដាយុត្តិធម៌ខ្ពស់បំផុត និងធានាសុវត្ថិភាពនៅកន្លែងធ្វើការសម្រាប់បុគ្គលិកគ្រប់រូប។ ការដកតំណែងលោក ការីម ខាន់ នៅពេលនេះ បានក្លាយជាការផ្លាស់ប្ដូររចនាសម្ព័ន្ធដ៏ក្ដៅគគុកមួយសម្រាប់តុលាការសកលមួយនេះ ក្នុងពេលដែលស្ថាប័នកំពុងប្រឈមមុខនឹងសម្ពាធនយោបាយពីប្រទេសមហាអំណាចស្រាប់ទៅហើយ៕



