
រាជធានីតូក្យូ៖ ជប៉ុនកំពុងពន្លឿនផែនការទិញ និងអភិវឌ្ឍដ្រូន ឬយន្តហោះគ្មានមនុស្សបើក សម្រាប់កងទ័ពរបស់ខ្លួន តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន និងរៀនសូត្រពីបទពិសោធក្នុងសមរភូមិពិតជាក់ស្តែងរបស់រដ្ឋធានីកៀវ ប្រឆាំងនឹងរុស្ស៊ី ខណៈរាជធានីតូក្យូកំពុងស្វែងរកការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត នៅទូទាំងទឹកដីរបស់ខ្លួនក្នុងតំបន់ប៉ាស៊ីហ្វិក។

ដើម្បីបំពេញបន្ថែមលើចំណុចយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុប ដើម្បីផលិតដ្រូនប្រឆាំងនាវាមុជទឹកផងដែរ។ លោក ម៉ាសាយូគី ម៉ាស៊ូដា (Masayuki Masuda) នាយកផ្នែកសិក្សាពីប្រទេសចិនរបស់វិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិ នៃក្រសួងការពារជាតិជប៉ុន នៅរាជធានីតូក្យូ បានសង្កត់ធ្ងន់ថា៖«សហគមន៍អន្តរជាតិទាំងមូលបានឃើញយ៉ាងច្បាស់ថា តើសង្គ្រាមបានផ្លាស់ប្ដូរទម្រង់បែបណា ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង...? ហើយជប៉ុន ក៏ដូចជាប្រទេសដទៃទៀតដែរ ឥឡូវនេះកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍដ្រូន ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធនៅលើសមរភូមិនាពេលអនាគត»។ លោកបានបន្តថា៖«បើប្រៀបធៀបឥទ្ធិពលគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីដើមសង្គ្រាម វាច្បាស់ណាស់ថា អ៊ុយក្រែនធ្វើបានយ៉ាងល្អ ហើយផ្នែកដ៏ធំមួយនៃជោគជ័យនោះ គឺដោយសារតែដ្រូន»។

បើទោះបីជាបច្ចេកវិទ្យាជាចំណុចសំខាន់ក៏ដោយ ប៉ុន្តែជប៉ុនដឹងច្បាស់ពីសារសំខាន់នៃការមានដ្រូនក្នុងចំនួនដ៏ច្រើន ដែលងាយស្រួលផលិត និងមានតម្លៃថោក នេះបើតាមលោក ម៉ាស៊ូដា។ ជាចុងក្រោយ លោកបានបញ្ជាក់បន្ថែមថា៖«បរិមាណគឺមានសារសំខាន់ដូចគ្នានឹងគុណភាពដែរនៅក្នុងវិស័យនេះ ហើយជប៉ុនមានក្រុមហ៊ុនតូចៗជាច្រើនដែលអាចផលិតដ្រូនថោកៗបានយ៉ាងលឿន និងក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រសិនបើមានតម្រូវការចាំបាច់»៕





