ចិនប្រកាសដាក់ក្រុមហ៊ុន និងស្ថាប័នការពារជាតិជប៉ុនចំនួន២០ ចូលក្នុងបញ្ជីខ្មៅ
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសដាក់បញ្ចូលស្ថាប័ន និងក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២០ទៅក្នុង«បញ្ជីខ្មៅ» នៅថ្ងៃទី២៩ ខែមិថុនានេះ ដើម្បីរារាំងការនាំចេញទំនិញដែលអាចប្រើប្រាស់បានទាំងផ្នែកស៊ីវិល និងយោធា ជាការបង្កើនកម្តៅជម្លោះការទូត និងសេដ្ឋកិច្ចកាន់តែខ្លាំងរវាងរដ្ឋធានីប៉េកាំង និងរាជធានីតូក្យូ...។

ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការនេះ ធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ ផលប្រយោជន៍របស់ប្រទេស និងបំពេញកាតព្វកិច្ចអន្តរជាតិ ស្តីពីការមិនសាយភាយអាវុធ ដោយសារតែស្ថាប័នជប៉ុនទាំង២០នោះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹងសមត្ថភាពយោធារបស់ប្រទេសជប៉ុន។ ក្នុងចំណោមស្ថាប័នដែលរងទណ្ឌកម្ម រួមមាន៖ វិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ និងអវកាស Mitsubishi Electric ជាដើម។ ការដាក់ទណ្ឌកម្មនេះ អាចនឹងធ្វើឱ្យជប៉ុនជួបផលវិបាកខ្លាំង ព្រោះចិនគឺជាប្រភពផលិត និងរ៉ែកម្រធំជាងគេលើលោក ដែលជាធាតុផ្សំដ៏សំខាន់មិនអាចខ្វះបានក្នុងការផលិតអាវុធបច្ចេកវិទ្យាខ្ពស់ ប្រព័ន្ធណែនាំមីស៊ីល និងឡាស៊ែរ។

ទំនាក់ទំនងរវាងមហាអំណាចអាស៊ីទាំងពីរនេះ បានចាប់ផ្តើមរង្គោះរង្គើខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈិ (Sanae Takaichi) បានបង្ហើបថា រាជធានីតូក្យូ អាចនឹងប្រើប្រាស់កងទ័ពឆ្លើយតប បើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ កាលពីខែកុម្ភៈកន្លងទៅ ចិនក៏បានដាក់ការរឹតត្បិតលើក្រុមហ៊ុនជប៉ុនជាច្រើនរួចមកហើយដែរ ខណៈអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានសង្កត់ធ្ងន់នៅថ្ងៃនេះថា ជប៉ុនកំពុងដើរផ្លូវខុសក្នុងការជំរុញរឿងយោធានិយមបែបថ្មី ហើយចំណាត់ការវាយបករបស់ចិននៅពេលនេះ គឺជារឿងស្របច្បាប់ សមហេតុផល និងត្រឹមត្រូវបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត