១២ខែ កម្ពុជាបង្ក្រាបទីតាំងអនឡាញស្កេមជាង៦០០កន្លែង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធរាប់ពាន់នាក់
ហាក់ អ៊ីឌី
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបយ៉ាងក្ដៅគគុកលើទីតាំងឆបោកតាមប្រព័ន្ធអេឡិចត្រូនិកសរុបជាង៦០០កន្លែង នៅទូទាំងប្រទេស ព្រមទាំងឃាត់ខ្លួន និងចាត់វិធានការច្បាប់លើជនល្មើសរាប់ពាន់នាក់

របាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស» ដែលបង្ហាញក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានបើកការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកចំនួន៦៦៥ទីតាំង ព្រមទាំងបញ្ចូនសំណុំរឿងចំនួន២៦៨សំណុំរឿង ទៅតុលាការរាជធានី-ខេត្ត។ ជាមួយគ្នា មានជនល្មើសប្រុសស្រី២២០០នាក់ កំពុងជាប់ឃុំ ដោយក្នុងនោះ ជនជាតិខ្មែរចំនួនជាង៣០០នាក់។ ទន្ទឹមនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់វិធានការ និងកសាងសំណុំរឿងចំនួន៣សំណុំរឿង មានជនសង្ស័យចំនួន១៤នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏កំពុងស៊ើបអង្កេតករណីមួយចំនួនបន្តទៀតផងដែរ។ 

ការបង្ក្រាបទីតាំងស្កេមជាង៦០០កន្លែងក្នុងរយៈពេល១២ខែនេះ ត្រូវបានគេមើលឃើញថា ជាជំហានដ៏ធំមួយក្នុងការទាក់ទាញទំនុកចិត្តពីវិនិយោគិន បង្កើនសុវត្ថិភាពដល់អ្នកទេសចរ និងបង្ហាញពីឆន្ទៈពិតប្រាកដរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា។ កម្ពុជា បង្ហាញទៅដល់ពិភពលោកឱ្យឃើញថា កម្ពុជាជាអ្នករងគ្រោះក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងបទល្មើសនេះ ដើម្បីស្តារកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត