រដ្ឋដាក់ចេញវិធានការទប់ទល់ ខណៈកម្ពុជាប្រឈមនឹងបាតុភូត«អែលនីញ៉ូ»អាចដល់១ខែកន្លះ ហើយធ្វើឱ្យមានគ្រោះរាំងស្ងួត
អុន សម្ផស្ស
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យពង្រឹងវិធានការឆ្លើយតបជាក់ស្តែងចំពោះហានិភ័យនៃគ្រោះរាំងស្ងួតដែលបណ្ដាលមកពីបាតុភូតអែលនីញ៉ូ ហើយត្រូវរួមគ្នាជួយសង្គ្រោះស្រូវពលរដ្ឋដែលប្រឈមនឹងការខ្វះខាតទឹក…។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញរបាយការណ៍ថា អែលនីញ៉ូ (El Niño) ជាបាតុភូតអាកាសធាតុមួយដែលជះឥទ្ធិពលដល់ប្រទេសជាច្រើននៅលើពិភពលោក។ បាតុភូតនេះ ជាទូទៅតែងតែនាំមកនូវសីតុណ្ហភាពកាន់តែក្ដៅខ្លាំង លក្ខខណ្ឌស្ងួតហួតហែង អូសបន្លាយ ការថយចុះនៃបរិមាណទឹកភ្លៀង ការកើនឡើងនូវហានិភ័យនៃគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ។ 

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រកាសនាពេលថ្មីៗនេះ នៅកម្ពុជា បាតុភូតអែលនីញ៉ូ អាចនឹងមានរយៈពេល១ខែ ទៅ១ខែកន្លះ ដោយគិតចាប់ថ្ងៃទី២០ ខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៦។ ចំពោះមុខបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការ ដូចជា៖ ជួសជុល ស្តារ ថែទាំប្រព័ន្ធធារាសាស្ដ្រ អាងស្តុកទឹក, គ្រប់គ្រងទឹក អភិរក្សប្រភពទឹក, ត្រៀមលក្ខណៈអន្តរាគមន៍បន្ទាន់, និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។  

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក 
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក 

លោក ថោ ជេដ្ឋា អះអាងថា ក្រសួងបានរៀបចំម៉ាស៊ីនបូមទឹកប្រមាណ១១៥គ្រឿង ដើម្បីទប់ទល់នឹងបញ្ហានេះ។ ទន្ទឹមគ្នា លោករដ្ឋមន្ត្រី ណែនាំដល់មន្ត្រីទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក ឱ្យរៀបចំក្រុមការងារអន្តរាគមន៍ និងម៉ាស៊ីនបូមទឹកចល័ត ដើម្បីជួយសង្គ្រោះស្រូវប្រជាកសិករ ដែលប្រឈមនឹងបញ្ហាខ្វះខាតទឹក។

លើសពីនេះ លោក ប្រាប់ឱ្យភាគីពាក់ព័ន្ធត្រូវបន្តសហការគ្នា ដើម្បីកំណត់ផែនការធ្វើស្រូវប្រាំង កំណត់តំបន់ដែលខ្វះខាតទឹក និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីហានិភ័យនៃការដាំដុះស្រូវប្រាំងនៅឆ្ងាយពីប្រភពទឹក ដោយមិនលើកទឹកចិត្តឱ្យប្រជាកសិករធ្វើស្រូវប្រាំងលើកទី២ ឬលើកទី៣ ដើម្បីរក្សាទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ គួរជ្រាបថា ក្នុងឆ្នាំ២០២៥ កម្ពុជាមានប្រព័ន្ធធារាសាស្ដ្រជាង២,៣ពាន់ អាចផ្គត់ផ្គង់ទឹកស្រោចស្រពដីកសិកម្មបានប្រមាណជាង២០លានហិកតា។ ដោយឡែក គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ប្រទេសកម្ពុជា មានអាងស្តុកទឹកជាង១,៦ពាន់អាង ដែលមានសមត្ថភាពស្តុកទឹកប្រមាណ៤ពាន់លានម៉ែត្រគុប៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត