
មជ្ឈិមបូព៌ា៖ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិក ហៅកាត់ថា CENTCOM បានប្រកាសទទួលស្គាល់ថា មានយុទ្ធជនអាម៉េរិកចំនួន២នាក់បានពលីជីវិត និងម្នាក់ទៀតកំពុងបាត់ខ្លួន កំលុងពេលបំពេញបេសកកម្មការពារការវាយប្រហារដោយដ្រូន និងមីស៊ីលតម្រង់ទិសពីសំណាក់កងទ័ពអ៊ីរ៉ង់។ នេះជាការបាត់បង់ជីវិតយោធាអាម៉េរិកចុងក្រោយបង្អស់ នៅក្នុងជម្លោះប្រដាប់អាវុធដ៏ស្រួចស្រាវជាមួយប្រទេសអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈមក។

យោងតាមសេចក្តីថ្លែងការណ៍របស់ CENTCOM លើបណ្តាញសង្គម បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅក្នុងប្រទេសហ្សូដង់ (Jordan) ខណៈកងកម្លាំងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត កំពុងរួមគ្នាធ្វើសកម្មភាពទប់ទល់នឹងរលកវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់។ ក្រៅពីអ្នកស្លាប់ និងបាត់ខ្លួន ក៏មានទាហាន៤នាក់ផ្សេងទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចាកចេញវិញហើយ ឯទាហានមួយចំនួនទៀតរងរបួសស្រាល និងបានត្រឡប់ទៅបំពេញការងារជាធម្មតាវិញ។ គិតត្រឹមពេលនេះ ចំនួនទាហានសហរដ្ឋអាម៉េរិកដែលបានស្លាប់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង បានកើនដល់១៦នាក់ហើយ និងជាង៤២០នាក់ផ្សេងទៀតបានរងរបួស ភាគច្រើនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ និងការវាយប្រហារក្នុងប្រតិបត្តិការក្នុងតំបន់។

នៅក្នុងការប្រយុទ្ធគ្នាដ៏ក្ដៅគគុកចុងក្រោយ កងទ័ពសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារតាមអាកាសចំនួន៧យប់បន្តបន្ទាប់គ្នា ទៅលើទីតាំងនានារបស់អ៊ីរ៉ង់ បន្ទាប់ពីបានចោទប្រកាន់រដ្ឋធានីតេហេរ៉ង់ថា បានវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងនៅតំបន់ច្រកសមុទ្ទហ័រមូស្ស។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ស្រោចដ្រូន និងមីស៊ីលសំដៅលើមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក នៅទូទាំងមជ្ឈិមបូព៌ា ក្នុងនោះក្រសួងអគ្គិសនី និងទឹករបស់ប្រទេសគូវ៉ែត បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានហោះទៅបោកចំ និងបង្កការខូចខាតដល់រោងចក្រថាមពលអគ្គិសនី និងរោងចក្រចម្រោះទឹកស្អាតពីសមុទ្ទ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតសម្រាប់ការផ្គត់ផ្គង់ទឹកក្នុងតំបន់នោះ៕




