
មជ្ឈិមបូព៌ា៖ ស្ថានភាពសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា បានធ្លាក់ចុះយ៉ាងដុនដាបគួរឱ្យព្រួយបារម្ភ បន្ទាប់ពីការវាយប្រហារយ៉ាងសន្ធាប់របស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ង់ ព្រមទាំងការលូកដៃឡើងវិញរបស់ក្រុមហ៊ូធី បើកការវាយប្រហារបាញ់ស្រោចមីស៊ីលលើប្រទេសអារ៉ាប៊ីសាអូឌីត ហែកចោលបទឈប់បាញ់ដែលមានរយៈពេល៤ឆ្នាំកន្លងមក។ យ៉ាងណា គេអាចប្រមើលមើលសង្គ្រាមនៅមជ្ឈិមបូព៌ា ពេលនេះ គឺបានដើរតាមគន្លងសង្គ្រាមដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន-រុស្ស៊ី ជាបណ្តើៗហើយ...។

កាលពីថ្ងៃចន្ទទី១៣កក្កដា ក្រុមសកម្មប្រយុទ្ធហ៊ូធី នៅប្រទេសយេម៉ែន បានបាញ់មីស៊ីលវាយប្រហារសំដៅទៅលើព្រលានយន្តហោះអន្តរជាតិ អាប់ហា (Abha) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត ខណៈសកម្មភាពនេះបានបំបែកបទឈប់បាញ់រយៈពេល៤ឆ្នាំ។ នេះជាការវាយប្រហារលើកដំបូងបំផុតចាប់តាំងពីបទឈប់បាញ់ចេញជាធរមាន កាលពីខែមីនា ឆ្នាំ២០២២ ដែលត្រូវបានបង្កើតឡើង។ យ៉ាងណា ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូធីចោទប្រកាន់អារ៉ាប៊ីសាអូឌីត និងរដ្ឋាភិបាលយេម៉ែន ថា បានទម្លាក់គ្រាប់បែកលើផ្លូវរត់នៃព្រលានយន្តហោះអន្តរជាតិសាណា (Sanaa) ដើម្បីរារាំងយន្តហោះដឹកជញ្ជូនរបស់អ៊ីរ៉ង់ មិនឱ្យចុះចត។ ក្រសួងការពារជាតិយេម៉ែនបានចេញមុខបញ្ជាក់ថា នេះជាការការពារអធិបតេយ្យភាពជាតិប្រឆាំង នឹងការជ្រៀតជ្រែករបស់អ៊ីរ៉ង់។

ទន្ទឹមនឹងនោះ យោធាសហរដ្ឋអាម៉េរិក ក្រោមបទបញ្ជាផ្ទាល់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការវាយប្រហារតាមអាកាសនៅយប់ទី៣ជាប់ៗគ្នា ទៅលើគោលដៅយោធា រ៉ាដា និងប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ ក៏បានប្រកាសដាក់ដំណើរការឡើងវិញនូវការបិទផ្លូវនាវាចរណ៍ដឹកជញ្ជូនរបស់អ៊ីរ៉ង់ និងបានស្នើឡើងនូវវិធានការទារកម្រៃសេវាការពារសន្តិសុខចំនួន២០ភាគរយលើរាល់ទំនិញទាំងហ្លាយណា ដែលឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស។ ទោះជាយ៉ាងណាក៏ដោយ អង្គការនាវាចរណ៍របស់អង្គការសហប្រជាជា បានចេញមុខទាត់ចោលសំណើនេះ ដោយសារតែវាគ្មានមូលដ្ឋានច្បាប់អន្តរជាតិ។

ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់យោធាសហរដ្ឋអាម៉េរិក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីល វាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប់រួម (UAE) ចំនួន២គ្រឿង គឺនាវាមាំបាសា (Mombasa) និងនាវាអាល់បាហ៊ីយ៉ា (Al Bahiyah) នៅក្នុងដែនទឹកអូម៉ង់ នៃច្រកសមុទ្ទហ័រមូស្ស។ យោងតាមក្រសួងការពារជាតិអារ៉ាប់រួម ការវាយប្រហារនេះ បានបណ្ដាលឱ្យនាវិកជនជាតិឥណ្ឌាម្នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល (ក្នុងនោះមានជនជាតិឥណ្ឌា និងអ៊ុយក្រែន)។ សូមជម្រាបថា នាវាទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំដោយសារភ្លើងឆេះ។ អ៊ីរ៉ង់ បានអះអាងថា នាវាទាំងនោះព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សដោយខុសច្បាប់ បើទោះបីជាមានការព្រមានជាច្រើនលើកក៏ដោយ។

សូមជម្រាបថា វិបត្តិនៅមជ្ឈិមបូព៌ាដ៏ស្រួចស្រាវនេះ បានធ្វើឱ្យចរាចរណ៍នៃនាវាដឹកជញ្ជូនតាមច្រកសមុទ្ទ ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះរហូតដល់ទៅ ៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងខ្ពស់ភ្លាមៗជាង៩ភាគរយ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវិបត្តិថាមពល និងអតិផរណាជាសកល ប្រសិនបើសង្គ្រាមនេះនៅតែបន្តអូសបន្លាយ៕



