
រដ្ឋធានីវ៉ាស៊ីនតោន៖ បញ្ជាការដ្ឋានកណ្តាលអាម៉េរិក បានប្រកាសថា ទាហានអាម៉េរិកម្នាក់បន្ថែមទៀត បានបាត់បង់ជីវិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អំឡុងពេលធ្វើប្រតិបត្តិការផ្ទុះកម្ទេចគ្រាប់មិនទាន់ផ្ទុះ (UXO) របស់ដ្រូនអ៊ីរ៉ង់ ដែលត្រូវកងទ័ពបាញ់ទម្លាក់។ គ្រោះថ្នាក់នេះ ក៏បណ្ដាលឱ្យទាហានអាម៉េរិកម្នាក់ទៀតរងរបួសស្រាលផងដែរ។

ការស្លាប់ទាហានរូបនេះ បានធ្វើឱ្យចំនួនកងទ័ពសហរដ្ឋអាម៉េរិកដែលបានបាត់បង់ជីវិត កើនឡើងដល់១៧នាក់ គិតចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីទាហានអាម៉េរិក២នាក់ផ្សេងទៀតបានស្លាប់ និងម្នាក់ទៀតបានបាត់ខ្លួនក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅប្រទេសហ្ស៊កដានី ខណៈក្រុមសង្គ្រោះទើបតែបានរកឃើញអដ្ឋិធាតុ មិនទាន់អត្តសញ្ញាណនៅទីតាំងកើតហេតុ។

ស្ថានការណ៍សង្គ្រាមរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតអាសន្នថ្មីមួយ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីមួយខែមុន ត្រូវរលំរលាយ ដោយសារតែជម្លោះដណ្តើមការគ្រប់គ្រងលើច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវនាវាចរណ៍ដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក។ សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ជាយប់ទី៨ជាប់ៗគ្នា រួមទាំងការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់២ទីតាំង។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ផ្លោងដ្រូនអត្តឃាតតម្លៃថោក និងមីស៊ីលជាច្រើនគ្រឿង សំដៅលើមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកវិញ នៅក្នុងប្រទេសសកាតា គុយវ៉ែត និងដែនអាកាសហ្ស៊កដានី។

ជម្លោះដែលកំពុងឆេះសន្ធោសន្ធៅនេះ បានសម្លាប់មនុស្សអស់រាប់ពាន់នាក់ ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់ ព្រមទាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពលសកល និងបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញវិបត្តិអតិផរណាពិភពលោកផងដែរ៕


