ភាពវឹកវរនៅភាគខាងត្បូងថៃ ស.ម្លា.ប់មនុស្សប្រមាណ៧៧០០នាក់ ចាប់ពីឆ្នាំ២០០៤មក
N
Nary Vann
19 ម៉ោងមុន

រាជធានីបាងកក៖ ចាប់តាំងពីការផ្ទុះឡើងជាថ្មីនៃចលនាបះបោរ និងអំពើហិង្សានៅខេត្តជាប់ព្រំដែនភាគខាងត្បូងប្រទេសថៃ ក្នុងឆ្នាំ២០០៤ និងការវាយប្រហារដោយគ្រាប់បែកកែច្នៃបំពាក់លើរថយន្តលើកដំបូងក្នុងឆ្នាំ២០០៥ មក ទិន្នន័យផ្លូវការបានកត់ត្រាករណីផ្ទុះរថយន្តកែច្នៃសរុបចំនួន៦៨លើក បានបណ្ដាលឱ្យមនុស្សប្រមាណ៧៧០០នាក់បាត់បង់ជីវិត...

ក្នុងចំណោមហេតុការណ៍បំផ្ទុះរថយន្តទាំង៦៨ករណីនេះ ភាគច្រើនបានកើតឡើងនៅក្នុងខេត្តនរាធិរាស ២៩លើក ខេត្តប៉ាតានី ១៩លើក ខេត្តជាល ឬយ៉ាឡា ១៥លើក និងស្រុកភាគខាងត្បូងនៃខេត្តសង្ឃរា ឬសុងក្លា៤លើក ព្រមទាំងករណីបំផ្ទុះនៅក្រៅតំបន់ព្រំដែនភាគខាងត្បូងមួយលើក នៅកោះសាមុយ ខេត្តសុរាស្ត្រធានី កាលពីឆ្នាំ២០១៥។ ជាក់ស្តែង ស្ថានការណ៍កាន់តែមានភាពសាហាវឃោរឃៅខ្លាំងឡើង ដោយកាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ករណីបំផ្ទុះរថយន្តលើកដំបូងប្រចាំឆ្នាំ២០២៦ បានកើតឡើងនៅជិតអតីតប៉ុស្តិ៍នគរបាលនៅទីប្រជុំជនតាន់យ៉ង ខេត្តនរាធិរាស ជិតច្រកចូលព្រះរាជដំណាក់ តាក់ស៊ិនរាជនិវេសន៍ (พระตำหนัก ทักษิณราชนิเวศน์) ដែលធ្វើឱ្យសមត្ថកិច្ចត្រូវបើកប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យពីរនាក់ដែលជិះម៉ូតូគេចខ្លួន។

រំលងបានតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅយប់ថ្ងៃទី២២ ខែកក្កដា អំពើហិង្សាដ៏រន្ធត់មួយទៀត បានកើតឡើង នៅពេលដែលក្រុមប្រដាប់អាវុធចំនួន៦នាក់ បានជិះរថយន្តភីកអាប់ម៉ាក Nissan ពណ៌ខ្មៅ បើកការបាញ់រះ និងគប់គ្រាប់បែក ចូលទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខប៊ូកេហ៍ សាមី (Bukeh Sami) ក្នុងស្រុក រ៉េងកែ Rangae ខេត្តនរាធិរាស។ ការវាយប្រហារដោយឥតញញើតដៃ នៅកណ្តាលសហគមន៍ប្រជាជននេះ បានបណ្ដាលឱ្យទាហានព្រំដែនចំនួន៥រូប បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងបានធ្វើឱ្យប្រជាពលរដ្ឋចំនួន៥នាក់ផ្សេងទៀត (ក្នុងនោះមានក្មេងប្រុស២នាក់) រងរបួសធ្ងន់ស្រាល។ សកម្មភាពប្រដាប់អាវុធជាបន្តបន្ទាប់ក្នុងរយៈពេលពីរថ្ងៃនេះ ត្រូវបានកងកម្លាំងសន្តិសុខថៃ ថ្កោលទោសយ៉ាងខ្លាំងថា ជាអំពើឃោរឃៅ និងអមនុស្សធម៌បំផុត ព្រោះបានធ្វើឡើងនៅក្នុងតំបន់ប្រជុំជនសហគមន៍ដែលបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់ជីវិតប្រជាជនស៊ីវិលដែលមិនដឹងអី ខណៈសមត្ថកិច្ចកំពុងបើកប្រតិបត្តិការតាមប្រមាញ់ក្រុមជនដៃដល់យ៉ាងក្ដៅគគុក។

គួរបញ្ជាក់ថា​ ក្រុមដែលបង្កអសន្តិសុខ និងអំពើហិង្សា‍រ៉ាំរ៉ៃនៅភាគខាងត្បូងថៃនេះ ភាគច្រើន គឺចេញពីចលនាបំបែកខ្លួននិយមជនជាតិភាគតិចម៉ាឡេ-មូស្លីម ដែលតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលរបស់ថៃ។ ក្នុងចំណោមក្រុមប្រដាប់អាវុធទាំងនោះ អង្គការ BRN (Barisan Revolusi Nasional) ត្រូវគេស្គាល់ថា ជាក្រុមបំបែកខ្លួនដ៏មានឥទ្ធិពល ធំជាងគេ និងមានរចនាសម្ព័ន្ធរឹងមាំបំផុតនៅក្នុងតំបន់ភាគខាងត្បូង។ BRN ត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងគោលបំណងទាមទារឯករាជ្យ ឬស្វ័យតសិទ្ធិផ្តាច់មុខសម្រាប់តំបន់ប្រវត្តិសាស្ត្រប៉ាតានី ដោយពួកគេបានប្រើប្រាស់បណ្តាញសម្ងាត់ និងកងកម្លាំងប្រដាប់អាវុធសម្ងាត់ ធ្វើការវាយប្រហារឆ្មក់លើកងកម្លាំងអាជ្ញាធររដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទោះបីជារាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ប្រមុខចរចាថ្មី លោក ថៈនុត សុវណ្ណនន់ (ธนุต สุวรรณนันท์) កំពុងព្យាយាមស្តារ និងជំរុញកិច្ចចរចាសន្តិភាពឡើងវិញជាមួយក្រុម BRN យ៉ាងណាក៏ដោយ ក៏ការវាយប្រហារបែបប្រដាប់អាវុធ នៅតែបន្តកើតមានជាហូរហែ ធ្វើឱ្យផ្លូវឆ្ពោះទៅរកសន្តិភាពនៅភាគខាងត្បូង នៅតែមានភាពស្រពិចស្រពិលនៅឡើយ៕  

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត