
រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចចាត់តាំងលោកឧត្តមសេនីយ៍ឯក ប៊ុន ដា ឱ្យទទួលជួយដឹកនាំ និងគ្រប់គ្រងការងារទូទៅនៅនាយកដ្ឋាននគរបាលទេសចរណ៍ ជំនួសលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ដែលត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ក្រោយរងបណ្តឹងចោទប្រកាន់ពីពលរដ្ឋ...។

តាមរយៈសេចក្ដីប្រកាសរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត បានសម្រេចប្រគល់ភារកិច្ចបណ្តោះអាសន្នជូន លោកឧត្តមសេនីយ៍ឯក ប៊ុន ដា អត្តលេខ ៦៧៦៦៨ ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីទទួលជួយដឹកនាំដោយផ្ទាល់នូវការងារប្រចាំថ្ងៃរបស់នាយកដ្ឋាននគរបាលទេសចរណ៍។

ការសម្រេចចាត់តាំងសមាសភាពដឹកនាំថ្មីជាប្រញាប់នេះ ធ្វើឡើងដើម្បីធានានិរន្តរភាពការងារ និងប្រសិទ្ធភាពនៃការប្រតិបត្តិភារកិច្ចរបស់នាយកដ្ឋាននគរបាលទេសចរណ៍ ឱ្យដំណើរការទៅមុខដោយរលូន និងមានរបៀបរៀបរយ។ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក្រោយមានបណ្តឹងពីជនរងគ្រោះ លើករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងការគំរាមកំហែងជម្រិតទារប្រាក់រហូតដល់ជាងកន្លះលានដុល្លារអាម៉េរិក៕



