ស្ត្រីទី១នៃកម្ពុជា ជំរុញឱ្យយុវជន-យុវនារី ស្វែងយល់ពីចំណុចសំខាន់ក្នុងពិធីមង្គលការ ចំណែកអ្នកច្នៃឈុតប្រពៃណីត្រូវគោរពតាមទម្រង់ដើម
S
Soriya Sou
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា បានលើកទឹកចិត្តដល់អ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតឈុតប្រពៃណីបុរាណ ប៉ុន្តែត្រូវតែគោរពតាមទម្រង់ដើម…។

ស្ត្រីទី១ បានរំឭកពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន បើធៀបនឹងសម័យបច្ចុប្បន្ននេះ គឺមានភាពខុសគ្នា ដោយសារការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិតគឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃ គឺមិនគួរក្លាយជាការកែច្នៃរហូតដល់បោះចោលអត្ថន័យដើមនោះទេ។ ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក លោកជំទាវ បានផ្ដល់អនុសាសន៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។ ចំណែកអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការ សូមបន្តប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។

លោកជំទាវ ពេជ ចន្ទមុន្នី បានពន្យល់ពីអត្ថន័យនៃពិធីអាពាហ៍ពិពាហ៍ ថាជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជីវិតគ្រួសារដោយសេចក្តីស្រឡាញ់ ភក្ដីភាព ការទទួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំឭកដល់មេបា ដូនតាចាស់ទុំ ពីគុណបំណាច់អ្នកជំនាន់មុនដែលបានបន្សល់ទុកដល់កូនចៅ។ ក្នុងន័យនេះ ស្រ្តីទី១ បានជំរុញឱ្យយុវជន យុវនារី និងគូស្រករថ្មី ត្រូវសិក្សាស្វែងយល់ពីអត្ថន័យនៃពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន ព្រោះការយល់ដឹងនេះនឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ។

សូមជម្រាបថា នេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងអភិរក្ស ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ​។ ស្របទៅនឹងគោលនយោបាយប្រជាជនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពិព័រណ៍នេះ ក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ និងលើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែប ដែលជាកម្លាំងចលករអភិវឌ្ឍជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត