សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ រួមជាមួយអាវុធខ្លី២ដើម ករណីជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត
ហាក់ អ៊ីឌី
24 កក្កដា 2026 12:09 PM

ក្រុងប៉ោយប៉ែត៖ ក្រុមជនសង្ស័យប្រុសស្រី៧នាក់ ព្រមទាំងដកហូតអាវុធខ្លីចំនួន ២ដើម ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។  

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដី​រាយការណ៍​ពី​ភ្នាក់​ងារ​សម្ងាត់ ថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ភ្លាមៗ..លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យបានចាត់កម្លាំងការិយ៉ាល័យប្រឆាំង​គ្រឿងញៀន បើកប្រតិបត្តិការចាប់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ជាបន្តបន្ទាប់។

ជាលទ្ធផល សមត្ថកិច្ចបានធ្វើការដកហូតម្សៅក្រាមសថ្លាចំនួន០១ថង់​, ថ្នាំគ្រាប់ចម្រុះពណ៌(អ៊ិចស្តាស៊ី)ចំនួន០៣ថង់, ម្សៅម៉ត់ចំនួន០៧ថង់​, បារីអេឡិចត្រូនិចចំនួន០៦ដើម, ក្បាលផតខេចំនួន១០គ្រាប់ ថ្នាំសប្បាយកញ្ចប់ចម្រុះពណ៌៦៩កញ្ចប់ និងកាំភ្លើងខ្លីចំនួន២ដើមផងដែរ។ បច្ចុប្បន្ន​ ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ បាននិងកំពុងកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត