
រដ្ឋធានីហ្សាការតា៖ បន្ទាប់ពីរងបរាជ័យក្រោមថ្វីដៃក្រុមជើងឯករងឥណ្ឌូណេស៊ី នាការប្រកួតបើកឆាកសន្សំពិន្ទុពូលA ពានជើងឯក SEA V-CUP លើកទី៦ ជុំទី២ នៅកីឡដ្ឋាន Jakarta International Velodrome ប្រទេសឥណ្ឌូណេស៊ី ពេលនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីនវិញ ដោយលទ្ធផល ៣សិត០ ឈរនៅលេខ២ក្នុងពូល ដែលអាចនឹងឡើងទៅជួបក្រុមបាល់ទះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ...។

ជ័យជម្នះ ៣សិត០ របស់ក្រុមម្ចាស់ជើងឯក SEA V-CUP លើកទី៦ ជុំទី១ កម្ពុជា លើក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន គឺដូចទៅហ្នឹងការប្រកួតនៅឯទឹកដីហ្វីលីពីន កាលពីជើងទី១ដែរ ដោយកាលនោះ ក្រុមបាល់ទះកម្ពុជា អាចយកឈ្នះក្រុមហ្វីលីពីន ៣សិត២ និងចាញ់ក្រុមឥណ្ឌូណេស៊ី ០សិត៣ វិញ ប៉ុន្តែមានឱកាសឡើងទៅវគ្គខ្វែង ព្រោះតែក្រុមហ្វីលីពីនចាញ់ក្រុមឥណ្ឌូណេស៊ីធ្ងន់ធ្ងរ ៣សិត០ នាប្រកួតបន្ទាប់។ ជុំទី២នេះ ក៏មិនខុសគ្នាពីជុំទី១ដែរ ក្រុមបាល់ទះកម្ពុជា នឹងឡើងទៅជួបក្រុមលេខ១ ពូលB ថៃ ជាថ្មីម្តងទៀត ដើម្បីប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រពាន SEA V-CUP លើកទី៦ ជុំទី២ លើកលែងតែក្រុមហ្វីលីពីនអាចយកឈ្នះក្រុមឥណ្ឌូណេស៊ី ៣សិត០ ទើបការកាត់សេចក្តី គិតលើចំនួនគ្រាប់បាល់នៃការប្រកួតរបស់ក្រុមទាំង៣ ព្រោះឈ្នះ ៣សិត០ដូចគ្នា។ តែយ៉ាងណា ការប៉ះក្រុមខ្លាំងដូចជាឥណ្ឌូណេស៊ី នេះ ក្តីសង្ឃឹមឈ្នះ ៣សិត០ របស់ក្រុមហ្វីលីពីន គឺមានភាគរយតិចបំផុត។

សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រទី២៤កក្កដានេះ តារាងពិន្ទុពូលA បណ្តោះអាសន្ន ក្រុមឥណ្ឌូណេស៊ី មាន២ពិន្ទុ ឈរកំពូលតារាង លេងបានមួយប្រកួត, ក្រុមបាល់ទះជម្រើសជាតិកម្ពុជា មាន២ពិន្ទុដូចគ្នា ឈរនៅលេខ២ លេងបាន២ប្រកួត និងក្រុមលេខ៣ ហ្វីលីពីន មិនទាន់មានពិន្ទុរាប់នៅឡើយ លេងបាន១ប្រកួត។ រីឯតារាងពិន្ទុពូលB ក្រុមបាល់ទះថៃ មាន៤ពិន្ទុពេញ ឈ្នះទាំងពីរប្រកួត ពោលគឺឈ្នះក្រុមបាល់ទះភូមា ៣សិត០ និងឈ្នះក្រុមវៀតណាម ៣សិត២។ ក្រុមវៀតណាម និងភូមា ត្រូវប្រកួតគ្នានៅយប់នេះ ដូចក្រុមហ្វីលីពីន និងឥណ្ឌូណេស៊ី ដែរ ដើម្បីរកក្រុមលេខ២ ពូលB ឡើងមកប្រកួតជាមួយក្រុមលេខ១ ពូលA នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមកម្ពុជា បច្ចុប្បន្ន មានកីឡាកររងរបួសមួយចំនួនផងដែរ ដូចជា កីឡាករ ភុល រតនៈ និងកីឡាករ សួន ចាន់ដារ៉ូ បន្ទាប់ពីកីឡាករទាំងពីរប្រឹងប្រែងប្រកួតខ្លាំងរហូតដល់អស់កម្លាំង និងកីឡាករ រតនៈ រងរបួសជើង។ ទោះជាយ៉ាងណា ក៏ដោយ SBM News ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមជូនពរកីឡាករកម្ពុជាទាំងអស់ ឆាប់ជាសះស្បើយពីជំងឺដំកាត់ផ្សេងៗ ដើម្បីចូលរួមប្រកួតយកឈ្នះលើក្រុមបាល់ទះចោរឈ្លានពានទឹកដីយើងជាថ្មីម្តងទៀត...៕



