សម្តេចធិបតីប្រាប់ Bloomberg ថា មិនត្រឹមត្រូវមិនយុត្តិធម៌ ដែលថៃលុបកិច្ចព្រមព្រៀងដែនសមុទ្ទចោលខ្លួនឯង បែរជាមកបន្ទោសកម្ពុជាដែលទៅរកអង្គការសហប្រជាជាតិឱ្យជួយ
Mao Sopha
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងរឿងដែនសមុទ្ទ ថៃធ្វើខុសខ្លួនឯងទាំងស្រុង តែបែរជាមកទម្លាក់កំហុសឱ្យកម្ពុជា។ កម្ពុជា ចាំបាច់ត្រូវតែការពារខ្លួនពីភាពអយុត្តិធម៌ មិនអាចទទួលយកបាន។ ក្នុងកិច្ចសម្ភាសពិសេស ធ្វើឡើងនៅរាជធានីភ្នំពេញ អ្នកសារព័ត៌មានរបស់ Bloomberg បានចោទសួរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជុំវិញរឿងនេះ។ 

តំបន់ត្រួនស៊ីគ្នា (OCA) ដែនសមុទ្ទកម្ពុជា-ថៃ។
តំបន់ត្រួនស៊ីគ្នា (OCA) ដែនសមុទ្ទកម្ពុជា-ថៃ។

តាមរយៈ Bloomberg មេដឹកនាំកម្ពុជា ចាត់ទុកថា មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ដែលថៃសម្រេចចិត្តលុបកិច្ចព្រមព្រៀងសម្រាប់ដោះស្រាយបញ្ហាដែនសមុទ្ទ ឬ MoU 2001 ហើយដល់ពេលកម្ពុជាសម្រេចចិត្តវិញ ដោយជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬ UNCLOS ថៃក៏ស្រាប់តែនិយាយថា ដោយសារកម្ពុជាជ្រើសរើសយកយន្តការ UNCLOS នេះ ទើបនាំឱ្យមានការបិទផ្លូវចរចាអំពីបញ្ហាព្រំដែនគោក។ 

សម្តេចធិបតី
សម្តេចធិបតី

សម្តេចនាយករដ្ឋមន្រ្តី បន្តថា កម្ពុជាក៏បានស្នើទៅថៃដែរ សុំកុំឱ្យលុប MoU 2001 តែទីបំផុត ថៃនៅតែលុបដដែល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា ដោយសារតែគ្មានជម្រើសអ្វីផ្សេង កម្ពុជាក៏សម្រេចចិត្តជ្រើសរើសយកយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្ទជាមួយថៃ។ ជាមួយគ្នា មេដឹកនាំកម្ពុជា ប្រាប់ Bloomberg ទៀតថា កម្ពុជា ក៏បានស្នើឱ្យថៃ ចូលរួមវាស់វែងព្រំដែនគោកដែរ។ Bloomberg បានផ្សព្វផ្សាយវីដេអូអំពីកិច្ចសម្ភាសដ៏កម្រនេះ លើគេហទំព័រខ្លួន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ហើយត្រូវសារព័ត៌មានអន្តរជាតិមួយចំនួន ស្រង់យកទៅចុះផ្សាយបន្ត។    

អ្នកសម្ភាស
អ្នកសម្ភាស

សូមជម្រាបខ្លីថា ជុំវិញបញ្ហាព្រំដែនគោក កម្ពុជា ស្នើទៅថៃរាប់ភ្លេចទៅហើយ សុំឱ្យចូលរួមវាស់វែង​ និងបោះបង្គោលជាមួយគ្នាទៅតាមផ្លូវច្បាប់ និងបច្ចេកទេស តែថៃតែងបដិសេធរហូត ដោយប្រើលេសនេះលេសនោះមិនចេះអស់។ តែផ្ទុយមកវិញ យោធាថៃ នៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលដីកម្ពុជា តាមព្រំដែន។ 

យោធាឈ្លាពានថៃ ស្រាស់បន្លាលួសក្នុងដីកម្ពុជាតាមព្រំដែន។ 
យោធាឈ្លាពានថៃ ស្រាស់បន្លាលួសក្នុងដីកម្ពុជាតាមព្រំដែន។ 

ត្រឡប់មកបញ្ហាដែនសមុទ្ទវិញ! MoU 2001 ជាកិច្ចព្រមព្រៀង ឬជាឯកសារគតិយុត្តតែមួយគត់ ដែលកម្ពុជា-ថៃ បានបង្កើតរួមគ្នា កាលពីឆ្នាំ២០០១ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្ទ តែថៃបែរជាសម្រេចចិត្តលុបចោលជាឯកតោភាគី ដោយមិនជូនដំណឹងសូម្បីមួយម៉ាត់មកកម្ពុជា។ ចុះឱ្យកម្ពុជាធ្វើយ៉ាងម៉េច បើកិច្ចព្រមព្រៀងសម្រាប់ដោះស្រាយបញ្ហាដែនសមុទ្ទ ត្រូវថៃហែកចោលដោយគ្មានគិតពីផលលំបាកបែបនេះ? ថៃបានធ្វើឱ្យដំណោះស្រាយទ្វេភាគីជាមួយកម្ពុជា ត្រូវទល់ច្រករកផ្លូវចេញលែងរួច។

ទង់អង្គការសហប្រជាជាតិ។
ទង់អង្គការសហប្រជាជាតិ។

ដូច្នេះ កម្ពុជា ត្រូវចេញទៅរកដំណោះស្រាយនៅអង្គការសហប្រជាជាតិ។ តែថៃបែរជាមកបន្ទោសថា កម្ពុជាទៅរកអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយបញ្ហាដែនសមុទ្ទ គឺស្មើនឹងបិទផ្លូវចរចាអំពីបញ្ហាព្រំដែនគោក។ តើសមហេតុផលទេ? ច្បាស់ណាស់ គឺមិនសមហេតុទាល់តែសោះ។ អ្នកហាមាត់និយាយពាក្យមិនសមហេតុផល និងគ្មានភាពខ្មាសអៀននេះ គឺលោក សីហសក្តិ ភួងកេតកែវ (สีหศักดิ์ พวงเกตุแก้ว) រដ្ឋមន្រ្តីក្រសួងការបរទេសថៃ។ 

លោក សីហសក្តិ ភួងកេតកែវ (Sihasak Phuangketkeow)
លោក សីហសក្តិ ភួងកេតកែវ (Sihasak Phuangketkeow)

ក្រសួងការបរទេសកម្ពុជា ក៏បានចេញឆ្លើយតបដែរ ជុំវិញការចោទប្រកាន់ទាំងមិនដឹងខ្យល់របស់រដ្ឋមន្រ្តីការបរទេសថៃ។ តាមរយៈសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី២០ ខែកក្កដាកន្លងទៅថ្មីៗ ក្រសួងការបរទេសកម្ពុជា ហៅសម្តីរបស់រដ្ឋមន្រ្តីការបរទេសថៃ ថា ពុំមែនជាការពិតនោះទេ។ ជាមួយគ្នា ក្រសួងការបរទេសកម្ពុជា ពន្យល់ទៅថៃ ថា បញ្ហាដែនសមុទ្ទ និងបញ្ហាព្រំដែនគោក គឺស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់ពីរផ្សេងពីគ្នា ហើយមិនពាក់ព័ន្ធអ្វីនឹងគ្នាទាល់តែសោះ៕ 

  

 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត