
រាជធានីភ្នំពេញ៖ ក្រោយមានបណ្តឹងពីជនរងគ្រោះ លើករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងការគំរាមកំហែងជម្រិតទារប្រាក់រហូតដល់ជាងកន្លះលានដុល្លារអាម៉េរិក ពេលនេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកមុខតំណែង និងភារកិច្ចជាបណ្តោះអាសន្នហើយ...។

យោងតាមសេចក្ដីប្រកាសនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។ ការសម្រេចនេះ ធ្វើឡើង ក្រោយមានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហួត សិទ្ធីរាជ ដាក់ជូនទៅ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំប្ដឹងបុគ្គលមួយចំនួន រួមមាន៖ ទី១.ឈ្មោះ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ទី២.ឈ្មោះ លឹម កុក ជាំង, ទី៣.ឈ្មោះ ឡាច បុទុមវត្ថី និងបក្ខពួកមួយចំនួនទៀត ពីបទចាប់បង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ប៉ះពាល់ដល់សេរីភាពបុគ្គល, និងកំហែងយក (ប្រាក់) ប្រព្រឹត្តនៅក្រោយក្រុមហ៊ុនទូរសព្ទសែលកាត រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦។

ជាមួយគ្នា ជនរងគ្រោះ ក៏បានស្នើសុំឱ្យមានវិធានការផ្លូវច្បាប់លើលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា រួមទាំងបក្ខពួក និងទាមទារសងប្រាក់ដែលបានជំរិតយកបានសម្រេច ចំនួន៥សែន៥ពាន់ដុល្លារអាម៉េរិក ត្រឡប់មកឱ្យជនរងគ្រោះវិញ។ មិនត្រឹមតែប៉ុណ្ណោះ ជនរងគ្រោះឈ្មោះ ហួត សិទ្ធីរាជ ទាមទារប្រាក់សងជំងឺចិត្តចំនួន២សែនដុល្លារអាម៉េរិកផងដែរ។ យ៉ាងណា ទាក់ទិនបញ្ហាខាងលើ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ធ្លាប់បានប្រាប់អង្គភាពសារព័ត៌មាន SBM News តាមតេឡេក្រាមថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបញ្ជាទៅអគ្គស្នងការដ្ឋាននគរបាលជាតិរួចហើយ ដើម្បីឱ្យស្រាវជ្រាវ និងបើកការស៊ើបអង្កេតលើករណីនេះ។

អ្នកនាំពាក្យរងរូបនេះ លើកឡើងពីបញ្ហាច្បាប់ និងគោលការណ៍កងកម្លាំងនគរបាលជាតិ ដោយបញ្ជាក់ថា៖«បើមន្ត្រីអនុវត្តខុសនីតិវិធី និងជំនាញ ពួកគាត់ត្រូវប្រឈមនឹងវិន័យកងកម្លាំងនគរបាល ទោះពួកគាត់ទទួលបញ្ជាពីនរណាក៏ដោយ។ ហើយការចុះទៅនាំខ្លួន និងចាប់នរណាម្នាក់ខុសច្បាប់ ជាបទល្មើសព្រហ្មទណ្ឌ..បើមាន[ប្រព្រឹត្តខុស]មែន ពួកគាត់ត្រូវប្រឈមនឹងវិន័យនគរបាលផង និងទោសព្រហ្មទណ្ឌផង»៕




