ក្រុមគោព្រៃកម្ពុជា ជួបសិង្ហបុរីលើកនេះ លទ្ធផលអាចមិនដូចមុន ខណៈសំបុត្រថ្ងៃបើកឆាកចាប់ផ្តើមលក់

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៧:០០នាទីយប់ថ្ងៃទី២៤កក្កដា ឆ្នាំ២០២៦ ស្អែកនេះ ក្រុមគោព្រៃឈុតធំកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត ស្វាគមន៍ជំនួបបើកឆាកពានរង្វាន់ ASEAN Hyundai Cup 2026 ក្នុងពូល A ជាមួយសិង្ហបុរី ដែលជាក្រុមបាល់ទាត់ខ្លាំងមួយនៅក្នុងតំបន់...។

ក្រុមគោព្រៃឈុតធំកម្ពុជា
ក្រុមគោព្រៃឈុតធំកម្ពុជា

ក្នុងចំណោមជំនួប៦លើកចុងក្រោយ ក្រុមគោព្រៃឈុតធំកម្ពុជា ឈ្នះសិង្ហបុរីតែម្ដងគត់កាលពីឆ្នាំ២០១៦ និងចេញវិញ៥ប្រកួត។ ប៉ុន្តែយ៉ាងណា ការប្រកួតលើកទី៧ នេះ ក្រុមគោព្រៃឈុតធំកម្ពុជា ទំនង់ជាអាចនឹងមានទម្រង់លេងល្អជាងមុន ដ្បិតអីក្រុមគោព្រៃឈុតធំឆ្នាំនេះ មានកីឡាករបរទេសចម្រុះជាតិសាស្ត្រចូលសញ្ជាតិច្រើន រីឯស្មារតីប្រកួតរបស់កីឡាករ ក៏មានភាពស្វាហាប់ជាងពេលមុនៗដែរ ដូច្នេះ មហាជនសង្ឃឹមថា ការប្រកួតបើកឆាកសន្សំពិន្ទុពូល A ក្រុមអត្តពលិកបាល់ទាត់ឈុតធំកម្ពុជា អាចនឹងយកឈ្នះលើក្រុមស្តេចតោកន្ទុយត្រីសិង្ហបុរី បានជាក់ជាមិនខាន។

ក្រុមស្តេចតោកន្ទុយត្រីសិង្ហបុរី
ក្រុមស្តេចតោកន្ទុយត្រីសិង្ហបុរី

សូមជម្រាបថា ពូល A មានក្រុមចំនួន៥ចូលឬួមប្រកួតប្រជែងដណ្តើមពិន្ទុគ្នាដើម្បីឈរលើកំពូលតារាងពូល A ដែលរួមមាន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (ម្ចាស់ផ្ទះ), ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី, ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី, ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត។ ក្រុមទាំង៥នេះ នឹងធ្វើការប្រកួតប្រជែងសន្សំពិន្ទុ ដើម្បីរក២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅលេងវគ្គខ្វែង ឬពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ជាមួយក្រុមកំពូលតារាងទាំងពីរក្នុងពូល B ដែលមានដូចជា៖ ក្រុមភូមា ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងថៃ។

ដោយឡែក នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសលក់សំបុត្រឱ្យអ្នកគាំទ្រកម្ពុជា បានជាវចូលទស្សនាការប្រកួតហើយ ដោយមាន៣ប្រភេទតម្លៃ ទៅតាមទីតាំងអង្គុយទស្សនា។ ជាមួយគ្នា ក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ ASEAN Hyundai Cup 2026 នេះ ក៏មានការចូលរួមសម្ដែងយ៉ាងពិសេស ពី អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម​ ចេណ្ណា និងលោក សុខ សម្បត្តិ តារាចម្រៀងវ័យក្មេងកំពុងពេញនិយម មុនការប្រកួតចាប់ផ្តើមជាផ្លូវការ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ជើងឯកតំបន់អាស៊ាន (ASEAN Championship) នេះឡើង។ ដូច្នេះ កុំភ្លេចចូលរួមទស្សនាការប្រកួតផ្ទាល់ ដើម្បីលើកទឹកចិត្តដល់កីឡាករជម្រើសជាតិយើងទាំងអស់គ្នា...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត