
ក្រុងកំពត៖ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណអាជីវកម្មកាស៊ីណូ «ខ្ញុំ» មានទីតាំងស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ជាផ្លូវការ បន្ទាប់ពីរកឃើញថា កាស៊ីណូមួយនេះ មានជាប់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សដោយបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអេឡិចត្រូនិក(Online Scam)...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីពេលកន្លងទៅ សមត្ថកិច្ចបានបើកកាស៊ើបអង្កេត តាមព័ត៌មានដែល រាយការណ៍ថា មានឧក្រិដ្ឋជនធ្វើសកម្មភាពឆបោក ក្រោមរូបភាពវិនិយោគក្លែងបន្លំ ចេញពីទីតាំង កាស៊ីណូ "ខ្ញុំ"។ ជាលទ្ធផល នៃការស៊ើបអង្កេត បានបង្ហាញថា នៅក្នុងអគារ "កាស៊ីណូ ខ្ញុំ” មានការជ្រើសរើស ដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច តាមរយៈការបោកបញ្ឆោត និងបង្ខំឱ្យធ្វើការងារខុសច្បាប់ ដែលជាអំពើ ONLINE SCAMS និងអំពើល្មើសដទៃទៀត។ ជាមួយគ្នា ស្ថាប័នអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់លើម្ចាស់ទីតាំង និងគូកន ពីបទការជ្រើសរើសមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច, បទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់ តាមមាត្រានៃច្បាប់ជាធរមាន។

បច្ចុប្បន្ន សាលាជម្រះក្ដីកំពុងស្រាវជ្រាវព័ត៌មានពាក់ព័ន្ធបន្ថែមផ្សេងទៀតរបស់បុគ្គល ដែលជាម្ចាស់ទីតាំងនៃកាស៊ីណូនេះ។ សូមជម្រាបថា នេះជាវិធានការក្ដៅរបស់រាជរដ្ឋាភិបាល វិធានការម៉ឺងម៉ាត់នេះ គឺជាការបង្ហាញពីជំហរយ៉ាងច្បាស់លាស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងអំពើជួញដូរមនុស្សនៅកម្ពុជា។ អាជ្ញាធរបានបញ្ជាក់ធ្ងន់ៗថា នឹងមិនអត់ឱនឱ្យដាច់ខាតចំពោះទីតាំងល្បែង ឬអាជីវកម្មទាំងហ្លាយណាដែលជ្រកក្រោមស្លាកស្របច្បាប់ ប៉ុន្តែលួចលាក់បង្កប់ ឬផ្តល់ទីតាំងឱ្យការប្រព្រឹត្តបទល្មើសខុសច្បាប់ឡើយ៕




