ឡាវ បន្តបញ្ជូនកងទ័ព២នាក់ចូលរួមជាមួយ«ក្រុមអ្នកសង្កេតការណ៍អាស៊ាន»តាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ
អុន សម្ផស្ស
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ និងក្រុមអ្នកសម្របសម្រួល(CLG)កម្ពុជា បានប្រកាសទទួលស្វាគមន៍នាយទាហានចំនួនពីររូប ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានចាត់បញ្ជូនមកប្តូរវេនចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) ប្រចាំកម្ពុជា..។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា លោកវរសេនីយ៍ទោ ខាំផេត ភួងលៈមៃ (KHAMPHET FONGLAMAY) និងលោកវរសេនីយ៍ទោ ស៊ីងសុវណ្ណ វង្សសុវណ្ណ (SINGSAVAN VONGSOUVANH) បានមកដល់កម្ពុជា នៅវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ នាយទាហានឡាវ ទាំង២រូបនេះ នឹងត្រូវចូលរួមបំពេញភារកិច្ចជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។ តាមសេចក្តីប្រកាសដដែល កម្ពុជាបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់តួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការពារអាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កម្ពុជាក៏ស្វាគមន៍ការចូលរួមពីបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬរួមចំណែកគាំទ្រដល់កិច្ចការសន្តិភាពផងដែរ។ ជាថ្មីម្ដងទៀតក្រសួងការពារជាតិបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣​ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត