សមាជិក ប.ស.ស. កើនដល់ជិត៤លាននាក់ រាជរដ្ឋាភិបាលកំពុងពង្រីកវិសាលភាពបន្ថែម ឱ្យពលរដ្ឋបានការគាំពារកាន់តែរឹងមាំ
S
Soriya Sou
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ សមាជិករបបសន្តិសុខសង្គម (ប.ស.ស.) បានកើនដល់ប្រមាណជិត៤លាននាក់ហើយ។ នេះបើតាមរបាយការណ៍បញ្ជាក់ដោយលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ…។

រូបភាព៖ បេឡាជាតិសន្តិសុខសង្គម
រូបភាព៖ បេឡាជាតិសន្តិសុខសង្គម

កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ បានអញ្ជើញបើកសិក្ខាសាលាស្តីពី«ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងងប្រព័ន្ធសម្រាប់កម្មករនិយោជិត» ដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីផែនទីបង្ហាញផ្លូវរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងទិសដៅពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គម និងពន្លឿនការជំរុញការឈានចូលក្នុងប្រព័ន្ធ ជាពិសេសសម្រាប់កម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។

លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ 
លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ 

ក្នុងអង្គសិក្ខាសាលា លោកស្រី សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ សមាជិក ប.ស.ស. បានកើនដល់ប្រមាណ៣,៨លាននាក់។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងជំរុញការឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាឱ្យកម្មករនិយោជិតទទួលបានការងារសមរម្យ ប្រាក់ចំណូលកាន់តែប្រសើរ និងការគាំពារសង្គមកាន់តែរឹងមាំ ព្រមទាំងកាត់បន្ថយអត្រាការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកនៅត្រឹម៧០ភាគរយ នៅឆ្នាំ២០២៨។ លោកស្រីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងលើកកម្ពស់ការងារសមរម្យឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ភ្លាមៗ តំណាងអង្គការអុកស្វាម និងអង្គការ ILO បានបញ្ជាក់ពីការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ និងក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ ដើម្បីពង្រឹងការគាំពារសង្គម សិទ្ធិការងារ និងការងារសមរម្យប្រកបដោយបរិយាបន្ន៕

រូបភាព៖ បេឡាជាតិសន្តិសុខសង្គម
រូបភាព៖ បេឡាជាតិសន្តិសុខសង្គម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត