
រដ្ឋធានីហ្ស៊េរុយសាឡឹម៖ យោងតាមមន្ត្រីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហូ (Benjamin Netanyahu) ប្រទេសអ៊ីស្រាអែល ត្រូវបានកំណត់ថា នឹងរៀបចំការបោះឆ្នោតជាតិមួយនៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ដែលជាការបោះឆ្នោតលើកដំបូងបង្អស់ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីឆ្នាំ២០២៣...។

ថ្វីបើយ៉ាងនេះក្ដី កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោតនេះ នៅតែមានភាពស្រពិចស្រពិល ចាប់តាំងពីសភាអ៊ីស្រាអែលបោះឆ្នោតរំលាយខ្លួន កាលពីខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ លោក អូហ្វៀ កាត្ស (Ofir Katz) ប្រធានសម្ព័ន្ធភាពរដ្ឋាភិបាល បានប្រាប់គណៈកម្មាធិការសភា កាលពីថ្ងៃអាទិត្យទី១២ ខែកក្កដាថា កាលបរិច្ឆេទដើមនៅថ្ងៃទី២៧ ខែតុលា ដែលកំណត់ដោយច្បាប់ នឹងត្រូវរក្សាទុកដដែល។ ការស្ទង់មតិជាបន្តបន្ទាប់ បង្ហាញថា សម្ព័ន្ធភាពគណបក្សជាតិនិយម និងបក្សសាសនារបស់លោក នេតាន់យ៉ាហូ អាចនឹងចាញ់ឆ្នោត ទោះបីជាគូប្រជែងនយោបាយរបស់លោកនៅមិនទាន់មានផ្លូវច្បាស់លាស់ក្នុងការឡើងកាន់អំណាច ហើយទិដ្ឋភាពនយោបាយនៅតែអាចប្រែប្រួលក៏ដោយ។

សូមជម្រាបថា មិនដល់មួយឆ្នាំផង បន្ទាប់ពីការវិលត្រឡប់ទៅកាន់ឆាកនយោបាយវិញកាលពីឆ្នាំ២០២២ ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាលស្ដាំនិយមបំផុតរបស់អ៊ីស្រាអែលមិនធ្លាប់មានស្នាដៃផ្នែកសន្តិសុខរបស់លោក នេតាន់យ៉ាហូ ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារការវាយប្រហារគួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៣។ ការស្ទង់មតិបានបង្ហាញថា ប្រជាជនជាច្រើនមិនពេញចិត្តនឹងលោក នេតាន់យ៉ាហូ ឡើយ ចំពោះលទ្ធផលនៃសង្គ្រាមជាមួយអ៊ីរ៉ង់។ ជាទូទៅ វាជារឿងកម្រណាស់សម្រាប់រដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីស្រាអែល ដែលអាចបំពេញអាណត្តិបានពេញលេញរយៈពេល៤ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ លោក នេតាន់យ៉ាហូ គឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល៕





