
រដ្ឋធានីវ៉ាស៊ីនតោន៖ អ៊ីស្រាអែលបានចែករំលែកព័ត៌មានសម្ងាត់មួយ ជូនសហរដ្ឋអាម៉េរិកថា អ៊ីរ៉ង់ ទើបតែបានរៀបចំផែនការថ្មី និងជាក់លាក់បំផុតមួយ ក្នុងគោលបំណងធ្វើឃាតលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការលេចឮព័ត៌មានសម្ងាត់នេះ ហាក់ក្លាយជាសាំងចាក់លើគំនរភ្លើងសង្រ្គាមបន្ថែមទៀតនៅតំបន់មជ្ឈិមបូព៌ា ខណៈបទឈប់បាញ់កំពុងតែរលាយរលត់ទាំងស្រុង។

តាមពិត រដ្ឋធានីវ៉ាស៊ីនតោន ក៏បានតាមដានព័ត៌មានស្តីពីការគំរាមកំហែងលើជីវិតលោក ត្រាំ ជាប់ជាប្រចាំដែរ។ ទោះយ៉ាងណា របាយការណ៍សម្ងាត់ដែលអ៊ីស្រាអែល អះអាងថា ទើបទទួលបាននេះ គឺជារបាយការណ៍ថ្មីសន្លាង និងមានការកំណត់មុខសញ្ញាផែនការច្បាស់លាស់បំផុតរបស់អ៊ីរ៉ង់។ គេមិនទាន់ដឹងច្បាស់ឡើយថា ព័ត៌មាន ឬរបាយការណ៍សម្ងាត់ដែលអ៊ីស្រាអែលទម្លាយនេះ ជាការពិត ឬយ៉ាងណា។ គេគ្រាន់តែដឹងថា អ៊ីរ៉ង់ បានចិញ្ចឹមចិត្តគុំកួន និងប្រកាសសងសឹកលោក ត្រាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជុំវិញការដែលលោកបានបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ លោក កាស៊ឹម សូឡេម៉ានី (Qassem Soleimani) កាលពីខែមករា ឆ្នាំ២០២០ គឺតាំងពីលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិទី១មកម្ល៉េះ។

ជាពិសេសនោះ គំនុំនេះ កាន់តែផុសកញ្ជ្រោល បន្ទាប់ពីលោក អាយ៉ាតុលា អាលី ខាមេណេ (Ayatollah Ali Khamenei) មេដឹកនាំកំពូលអ៊ីរ៉ង់ បានបាត់បង់ជីវិតក្រោមស្នាដៃអាម៉េរិក និងអ៊ីស្រាអែល ដែលរួមបើកការវាយប្រហារលើអ៊ីរ៉ង់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងពិធីបុណ្យសពលោក អាយាតូឡាស អាលី ខាមេណេ ប្រជាពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់ បានស្រែកប្រកាសសងសឹកនឹងលោក ត្រាំ។

ជុំវិញរឿងនេះ លោក ដូណាល់ ត្រាំ ខ្លួនឯង បានថ្លែងទៅកាន់ក្រុមអ្នកកាសែតទាំងអារម្មណ៍ក្ដៅក្រហាយថា៖«ពួកគេចង់កម្ចាត់មេដឹកនាំអាម៉េរិក ពោលគឺរូបខ្ញុំនេះឯង។ ខ្ញុំបានឃើញរបាយការណ៍ថា ខ្ញុំស្ថិតក្នុងបញ្ជីខ្មៅរបស់ពួកគេគ្រប់ៗគ្នា។ ពួកគេជាមនុស្សអាក្រក់ ហើយយើងត្រូវតែកាត់ផ្ដាច់មហារីកនេះចេញឱ្យបានឆាប់»។

យ៉ាងណា មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិកមួយចំនួននៅតែបង្ហាញក្ដីមន្ទិលសង្ស័យ ដោយយល់ឃើញថា របាយការណ៍សម្ងាត់របស់អ៊ីស្រាអែលនាពេលនេះ អាចជាល្បិចទិញទឹកចិត្ត ឬជាការញុះញង់របស់លោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីរុញច្រានឱ្យលោក ត្រាំ សម្រេចចិត្តបើកការវាយប្រហារយោធាខ្នាតធំកម្ទេចអ៊ីរ៉ង់ឱ្យបានឆាប់រហ័សប៉ុណ្ណោះ៕



