អាម៉េរិកវាយប្រហារអ៊ីរ៉ង់៤ថ្ងៃជាប់គ្នា ដោយព្រមានកម្ទេចរោងចក្រអគ្គិសនី និងស្ពានទូទាំងប្រទេស
N
Nary Vann
2 ថ្ងៃមុន

មជ្ឈិមបូព៌ា៖ កងទ័ពសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ៤ថ្ងៃជាប់ៗគ្នា និងបានដាក់ពង្រាយកងទ័ពជើងទឹកធ្វើការបិទខ្ទប់ផ្លូវទឹកជាថ្មី ដើម្បីរារាំងរាល់នាវាទាំងអស់មិនឱ្យចេញ-ចូលកំពង់ផែរបស់អ៊ីរ៉ង់ឡើយ។ ស្របពេលជាមួយគ្នា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗ សហរដ្ឋអាម៉េរិក នឹងពង្រីកវិសាលភាពវាយប្រហារបោសសម្អាតដល់រោងចក្រអគ្គិសនី និងស្ពានយុទ្ធសាស្ត្រ នៅសប្តាហ៍ក្រោយ ប្រសិនបើរដ្ឋធានីតេហេរ៉ង់នៅតែរឹងរូសមិនព្រមចូលតុចរចា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បានថ្លែងគំរាមចំៗថា សហរដ្ឋអាម៉េរិក នឹងពង្រីកការវាយប្រហារឱ្យកាន់តែសាហាវនៅសប្តាហ៍ក្រោយ ដោយដៅចំរោងចក្រអគ្គិសនី និងស្ពាននានាទូទាំងប្រទេសអ៊ីរ៉ង់ ប្រសិនបើរដ្ឋធានីតេហេរ៉ង់នៅតែរឹងរូស មិនព្រមមកអង្គុយចរចាស្វែងរកសន្តិភាព។ ទោះជាយ៉ាងណា លោក ត្រាំ បានដកថយបន្តិចវិញ ជុំវិញការគំរាមទារលុយពន្ធ២០ភាគរយ លើនាវាដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស។

បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក​ ហៅកាត់ថា CENTCOM បានប្រកាសថា ការវាយប្រហារចុងក្រោយនេះ គឺធ្វើឡើងដើម្បីបំបាក់សមត្ថភាពកងទ័ពអ៊ីរ៉ង់ ដែលតែងតែវាយប្រហារនាវាដឹកទំនិញស៊ីវិល នៅក្នុងច្រកសមុទ្ទហ័រមូស្ស។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា កងកម្លាំងអ៊ីរ៉ង់បានវាយបកវិញភ្លាមៗ ដោយបានបញ្ចេញដ្រូនរួមគ្នាទៅវាយប្រហារលើមូលដ្ឋានទ័ពអាកាសសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសហ្ស៊កដានី

ទន្ទឹមនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាបាឌី (Kazem Gharibabadi) បានប្រកាសថា ការដែលសហរដ្ឋអាម៉េរិកសម្រេចចិត្តបិទផ្លូវទឹកឡើងវិញនេះ ធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់ដែលធ្លាប់សម្របសម្រួលដោយប៉ាគីស្ថាន ដើម្បីបើកផ្លូវឱ្យមានការចរចាសន្តិភាពនោះ ត្រូវរលាយខ្ទេចខ្ទីទាំងស្រុង។ ដោយឡែក មេបញ្ជាការ CENTCOM បានសង្កត់ធ្ងន់ថា ក្នុងសប្តាហ៍នេះ អ៊ីរ៉ង់បានវាយប្រហារលើនាវាស៊ីវិលចំនួន៧គ្រឿង បណ្ដាលឱ្យនាវិកស្លាប់ របួស និងបាត់ខ្លួនជិត១០នាក់ ដូច្នេះសហរដ្ឋអាម៉េរិក ត្រូវតែចាត់វិធានការក្ដៅដើម្បីឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះទង្វើបង្កជម្លោះនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត