ក្រសួងការងារ អំពាវនាវសមាជិក ប.ស.ស.ប្រុងប្រយ័ត្នជនអណាមិកឆបោក ពេលបង់ភាគទាន
អុន សម្ផស្ស
05 ឧសភា 2024 06:00 AM

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែឧសភាព ឆ្នាំ២០២៤ បានក្រើនរំឭកសមាជិក ប.ស.ស. ទាំងអស់ត្រូវប្រុង​ប្រយ័ត្ន ពេលបង់ភាគទាន។ ក្រោយថ្មីៗនេះមានជនអណាមិកផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់បញ្ចុះបញ្ចូលបង់ប្រាក់មកគណនីធនាគាររបស់ខ្លួន…។

ក្រសួងការងារបញ្ជាក់ថា សាធារណជន ពិសេសបងប្អូនដែលសមាជិក ប.ស.ស. ទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។ «ហេតុនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអណាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ»។ ក្រសួងបន្ថែមថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ «ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍» ឬជាភាសាអង់គ្លេស «NSSF Self Employed» ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះកុំចុចបង់ព្រោះជាការឆបោករបស់ក្រុមជនអណាមិក។

បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលផ្តល់ការធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម និងលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។ យោងតាមរបាយការណ៍ចុងក្រោយ ដែលផ្តល់ដោយក្រសួង គិតត្រឹមថ្ងៃទី១៩មេសា ឆ្នាំ២០២៤ បច្ចប្បន្នភាពនៃការងារចុះបញ្ជីសហគ្រាស គ្រឹះស្ថាន វិស័យឯកជន នៃកម្មករក្នុងប្រព័ន្ធ មានសមាជិកចំនួន៖ ផ្នែកហានិភ័យការងារ ១ ៥៥៤ ០១៨នាក់ ផ្នែកថែទាំសុខភាព១ ៥៥៣ ៥៥៥នាក់ និងផ្នែកប្រាក់សោធន១ ៥៥៤ ០១៨នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត