ឆ្នាំ២០២៥ សមាជិកប.ស.ស. ចំនួន៣,៥លាននាក់ បានប្រើសេវាសុខាភិបាលជាង៨លានដង
អុន សម្ផស្ស
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ធ្លាប់តែមានសមាជិកត្រឹមតែជាង៥០ម៉ឺននាក់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានពង្រីកខ្លួនរហូតរហូតមានសមាជិកដល់ជាង៣,៥លាននាក់ (ស្រី្តជិត២លាននាក់) គិតត្រឹមឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីបើក«សន្និបាតបូកសរុបលទ្ធផលការងាររបស់បេឡាជាតិសន្តិសុខសង្គមឆ្នាំ២០២៥» នៅព្រឹកថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៦។

លោក ហេង សួរ លើកឡើងថា បច្ចុប្បន្នមានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត៣ម៉ឺនបានចុះបញ្ជី ហើយក្នុងឆ្នាំ២០២៥ សមាជិក ប.ស.ស. បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសរុបជាង៨លានដង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ប.ស.ស. បានក្លាយជាក្ដីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបានការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស»

លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  
លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  

ក្រសួងការងារអះអាងថា សេវាប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ។ សេវាកម្មទាំងនោះ រួមមាន៖ ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូសរុប១៦១៧, ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, ភាពទំនើបនៃប្រព័ន្ធរដ្ឋបាលប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទានតាមរយៈប្រព័ន្ធអនឡាញ។ បើតាមក្រសួងដដែល បណ្ណសមាជិកប.ស.ស.តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត