ប.ស.ស នឹងចាត់វិធានការក្ដៅលើក្រុមហ៊ុន-សហគ្រាស​ ដែលអនុវត្តមិនត្រឹមត្រូវតាមកាតព្វកិច្ច
S
Sreyleak Yith
15 មករា 2025 08:00 AM

រាជធានីភ្នំពេញ៖​​ បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា​​ ប.ស.ស កាលពីល្ងាចថ្ងៃទី១៤មករា​​ ឆ្នាំ២០២​៥ បានចេញមកបញ្ជាក់ច្បាស់ៗថា​ បើរកឃើញមានម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាង មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់, មិនប្រកាសប្រាក់ឈ្នួលជាប់ភាគទានដោយមិនត្រឹមត្រូវ,​​ អត់អនុវត្តកាតព្វកិច្ចរាយការណ៍ពីចំនួនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ នឹងចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងនោះទេ…។

​​ ប.ស.ស បានគូសបញ្ជាក់ថា​​ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមយុទ្ធនាការចុះអធិការកិច្ចនៅតាម សហគ្រាស គ្រឹះស្ថាន ទូទាំងប្រទេស​​​ចាប់ពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។​​ ការចុះនេះ ក្នុងគោលដៅពង្រីកវិសាលភាពនៃការគ្របដណ្ដប់សមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយសំដៅធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពមូលនិធិសន្តិសុខសង្គម។

រូបតំណាង
រូបតំណាង

គួរឱ្យដឹងដែរថា​​ ដើម្បីចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានលក្ខខណ្ឌតម្រូវមួយចំនួនរួមមាន៖ សហគ្រាសចុះបញ្ជិកាផ្នែកថែទាំសុខភាពមានបណ្ណសមាជិក ប.ស.ស ទោះមិនបង់ខែដំបូងបង់ភាគទានយ៉ាងតិច៦ខែ ក្នុង១២ខែចុងក្រោយ ​​​គិតរហូតដល់ខែមានបញ្ហាសុខភាព ឬមាតុភាព, និយោជកបង់២ខែជាប់គ្នា ប៉ុន្តែអស់កាតព្វកិច្ចបង់ភាគទានសមាជិកនៅមានសិទ្ធិប្រើប្រាស់សេវា និងព្យាបាលថែទាំវេជ្ជសាស្ត្ររយៈពេល២ខែ គិតពីកាលបរិច្ឆេទអស់កាតព្វកិច្ចបង់ភាគទាន។ សូមជម្រាប​ថា​​ សមាជិក ប.ស.ស. អាចទទួលបានការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ សេវាពិគ្រោះជំងឺក្រៅ សេវាសង្គ្រោះបន្ទាន់, ព្យាបាលដោយស្អំ និងដោយចលនា, សម្រាលកូន,​ ថែទាំមុន និងក្រោយសម្រាលកូន, ស្តារនីតិសម្បទា (ផ្នែកវេជ្ជសាស្ត្រ)។ 

បន្ថែមពីនេះ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏មាននូវសេវាបង្ការសុខភាពដូចជា៖ ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត, ចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត, ចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស, ចាក់សេរ៉ូមប្រឆាំងពិសពស់, ពិនិត្យឈាមរកជំងឺពកក (TSH, Free T3, Free T4), ពិនិត្យឈាមកំណត់អបោធាតុមហារីកបន្ទាប់ពីការព្យាបាលជំងឺមហារីកដោយវះកាត់ និងក្រោយការព្យាបាលជំងឺមហារីកដោយចាក់ថ្នាំគីមី​​ ឬក្រោយការព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មីអ៊ិច។ សេវាបង្ការដែលបានកំណត់ខាងលើនេះ ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារណៈ៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត