សមាជិក ប.ស.ស. កើនឡើងដល់ជាង២,២លាននាក់ ត្រឹមឆមាសទី១ ឆ្នាំ២០២៤
K
Kimhuoy K.
10 កក្កដា 2024 10:30 AM

រាជធានីភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម ​(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង២,២លាននាក់ ក្រោយប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃភាពចូលជាសមាជិកនេះ...។  

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០កក្កដានេះបានឱ្យដឹងថា សមាជិកសរុបដែលបានចុះឈ្មោះក្នុងបញ្ជិកាបេឡាជាតិសន្តិសុខសង្គម ​(ប.ស.ស.) រួមមាន៖ ប.ស.ស. ផ្នែកថែទាំសុខភាពមានសមាជិកសរុបចំនួនជាង២,២លាននាក់ ក្នុងនោះមានកម្មករនិយោជិតចំនួនជាង១,៥៦លាននាក់ មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួនជាង៤៣ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង១៧ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង៥,៦ម៉ឺននាក់។ ដោយឡែក ប.ស.ស. ផ្នែកប្រាក់សោធនបានចុះបញ្ជិការោងចក្រ សហគ្រាសជាកាតព្វកិច្ចសរុបចំនួន២១២៨៨ មានកម្មករនិយោជិតសកម្មចំនួនជាង១,៥៦លាននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្តបានចំនួនជិត៥ពាន់នាក់។

គិតត្រឹមរយៈពេលដូចគ្នានេះ សមាជិក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិកាសមាជិកថ្មី ដែលមានរោងចក្រសហគ្រាសជាកាតព្វកិច្ចចំនួន៣០១៣ មានកម្មករនិយោជិតចំនួនជិត១៣ម៉ឺននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្ត បានចំនួន៩៤១នាក់។ រីឯ ប.ស.ស. ផ្នែកហានិភ័យការងារមានសមាជិកសរុបចំនួនជាង១,៨លាននាក់ ក្នុងនោះកម្មករនិយោជិតចំនួនជាង១,៥៦លាននាក់ មន្រ្តីរាជការសាធារណៈជាង២៤,៦ម៉ឺននាក់ និងបានអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជាង ១៣,៦ម៉ឺននាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ប.ស.ស. ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត