កិច្ចព្រមព្រៀងដែលធ្វើឱ្យគេចោលភ្នែកមើលគ្រប់គ្នា៖ អាម៉េរិក បើកដៃឱ្យប្រទេសមហាសេដ្ឋីអារ៉ាប៊ីសាអូឌីត «បង្កើតកម្មវិធីនុយក្លេអ៊ែស៊ីវិល»
Mao Sopha
10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មហាអំណាចអាម៉េរិក បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយជាមួយអារ៉ាប៊ីសាអូឌីត ជាប្រទេសអ្នកស្តុកស្តម្ភដូចមហាសេដ្ឋី និងជាប្រទេសស្តេចប្រេងកាតលើពិភពលោក។ វាជាកិច្ចព្រមព្រៀង ដែលអាម៉េរិកយល់ព្រមឱ្យអារ៉ាប៊ីសាអូឌី បង្កើតកម្មវិធីនុយក្លេអ៊ែស៊ីវិល និងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញូម។ លើសពីនេះ អាម៉េរិក ថែមទាំងជួយផ្តល់បច្ចេកវិទ្យា និងអ្នកជំនាញដល់អារ៉ាប៊ីសាអូឌីតថែមទៀត ក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែស៊ីវិល។  

ទីតាំងថាមពលនុយក្លេអ៊ែមួយ​នៅបរទេស។
ទីតាំងថាមពលនុយក្លេអ៊ែមួយ​នៅបរទេស។

កិច្ចព្រមព្រៀងនុយក្លេអ៊ែស៊ីវិលនេះ ត្រូវបានចុះហត្ថលេខានៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយលោក គ្រីស រ៉ាយ (Chris Wright) រដ្ឋមន្រ្តីក្រសួងថាមពលអាម៉េរិក និងព្រះអង្គម្ចាស់ អាប់ឌូឡាហ្ស៊ីស ប៊ីន សាលមែន (Abdulaziz Bin Salman) រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត។ សារព័ត៌មានអន្តរជាតិធំៗ សុទ្ធតែបានផ្សាយពីការចុះកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ខណៈមជ្ឈដ្ឋាននានា ឬអាចមានទាំងមេដឹកនាំតាមបណ្តាប្រទេសមួយចំនួនផង កំពុងតាមដានមើល ពីព្រោះវាជាអ្វីដែលអាចជះផលប៉ះពាល់ខ្លាំងដល់តំបន់ ឬពិភពលោក បើកម្មវិធីនុយក្លេអ៊ែស៊ីវិលនេះ ត្រូវបានប្រើក្នុងទិសដៅផ្សេងទៅវិញ។ 

លោក គ្រីស រ៉ាយ និងព្រះអង្គម្ចាស់ អាប់ឌូឡាហ្ស៊ីស។ 
លោក គ្រីស រ៉ាយ និងព្រះអង្គម្ចាស់ អាប់ឌូឡាហ្ស៊ីស។ 

នុយក្លេអ៊ែស៊ីវិល មិនបង្កហានិភ័យនោះទេ ផ្ទុយទៅវិញ គឺផ្តល់ផលប្រយោជន៍ដល់វិស័យស៊ីវិលជាច្រើន ដូចជា ថាមពលអគ្គិសន័យ វិជ្ជសាស្រ្ត វិទ្យាសាស្រ្ត ចំណីអាហារ កសិកម្ម និងឧស្សាហកម្ម ជាដើម។ ប៉ុន្តែ​ អ្វីដែលគេបារម្ភខ្លាំងនោះ គឺការបង្វែរនុយក្លេអ៊ែស៊ីវិល នៅជាអាវុធនុយក្លេអ៊ែ ឬប្រើប្រាស់ដើម្បីផលិតចេញជាអាវុធ។ ជាពិសេស គឺសារធាតុអ៊ុយរ៉ាញូម ដែលប្រើប្រាស់ក្នុងការផលិតអាវុធនុយក្លេអ៊ែ។ 

តំណាងអំពីអាវុធនុយក្លេអ៊ែ
តំណាងអំពីអាវុធនុយក្លេអ៊ែ

គេអាចនឹងចោទសួរជាមួយក្តីបារម្ភថា តើនឹងមានអ្វីកើតឡើង បើអារ៉ាប៊ីសាអូឌីត ជាប្រទេសមានលុយមហាសាលចាយលែងអស់ និងសម្បូរប្រេងលំដាប់ទី២លើពិភពលោក ហើយបែរជាមានអាវុធនុយក្លេអ៊ែទៀតនោះ? សារព័ត៌មាន The Guardian បានសរសេររំលេចក្តីបារម្ភពីមជ្ឈដ្ឋានមួយចំនួនថា តើអារ៉ាប៊ីសាអូឌីត នឹងអាចអភិវឌ្ឍសារធាតុអ៊ុយរ៉ាញូមដោយខ្លួនឯងឬទេ ហើយធ្វើឱ្យរីកសាយភាយអាវុធនុយក្លែអ៊ែ?  

រដ្ឋធានីតេហេរ៉ង់ របស់អ៊ីរ៉ង់ រងការវាយប្រហារពីអាម៉េរិក-អ៊ីស្រាអែល។ 
រដ្ឋធានីតេហេរ៉ង់ របស់អ៊ីរ៉ង់ រងការវាយប្រហារពីអាម៉េរិក-អ៊ីស្រាអែល។ 

ជាការកាត់សម្គាល់ ការសម្រេចចិត្តដ៏ធំបស់អាម៉េរិកក្នុងការជួយអារ៉ាប៊ីសាអូឌីតឱ្យមានកម្មវិធីនុយក្លេអ៊ែស៊ីវិល គឺចំពេលដែលសង្គ្រាមមជ្ឈិមបូព៌ាកំពុងបន្តឆាបឆេះ។ សង្គ្រាមនេះ ផ្ទុះឡើងពីអាម៉េរិក-អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តផឹកឈាមរួមសម្បថ បានបើកការវាយប្រហារលើអ៊ីរ៉ង់។ ជាលទ្ធផល មិនមែនប្រទេសតែ៣នេះទេ ដែលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម តែបណ្តាប្រទេសផ្សេងទៀតនៅតំបន់មជ្ឈិមបូព៌ា ក៏ត្រូវបានអូសឱ្យចូលក្នុងសង្គ្រាមដែរ។ ប្រទេសមួយចំនួន ដូច គុយវ៉ែត បារ៉ែន និងអារ៉ាប៊ីសាអូឌីត ជាដើម សុទ្ធតែធ្លាប់ស៊ីគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ ព្រោះប្រទេសទាំងនេះ មានមូលដ្ឋានទ័ពអាម៉េរិក។  

មីស៊ីលរបស់អ៊ីរ៉ង់។
មីស៊ីលរបស់អ៊ីរ៉ង់។

អាម៉េរិក បើទោះបីជាកំពុងធ្វើសង្គ្រាម​ ក៏នៅឆ្លៀតលក់អាវុធបានលុយមួយសន្ធឹកដែរ។ មិនមែនប្រទេសណាផ្សេងនោះទេ គឺប្រទេសជាសម្ព័ន្ធមិត្តខ្លួន ដែលរងគ្រាប់មីស៊ីលពីអ៊ីរ៉ង់នេះឯង ដែលអាម៉េរិកលក់អាវុធឱ្យ ដើម្បីយកទៅការពារខ្លួន ពីការវាយប្រហាររបស់អ៊ីរ៉ង់។ ចាប់តាំងពីបង្កសង្គ្រាមជាមួយអ៊ីរ៉ង់នៅខែកុម្ភៈមក អាម៉េរិកលក់អាវុធឱ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបានលុយជាង១០ពាន់ដុល្លារហើយ។ ជាក់ស្តែង នៅពាក់កណ្តាលខែកក្កដានេះ អាម៉េរិក ទើបនឹងលក់អាវុធបន្ថែមឱ្យអារ៉ាប៊ីសាអូឌីតបានលុយជិត២ពាន់ដុល្លារ។ ហើយ ឥឡូវនេះ អាម៉េរិក រុញអារ៉ាប៊ីសាអូឌីត ឱ្យក្លាយជាប្រទេសដែលមានកម្មវិធី ឬរោងចក្រនុយក្លែអ៊ែស៊ីវិលថែមទៀត៕ 

ព្រះអង្គម្ចាស់ ម៉ូហាំម៉េត ប៊ីន សាលមែន (Mohammed bin Salman) ជារាជទាយាទអារ៉ាប៊ីសាអូឌីតដែលត្រូវស្នងរាជ្យនាពេលអនាគត និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ជួបគ្នានាពេលកន្លងមក។ 
ព្រះអង្គម្ចាស់ ម៉ូហាំម៉េត ប៊ីន សាលមែន (Mohammed bin Salman) ជារាជទាយាទអារ៉ាប៊ីសាអូឌីតដែលត្រូវស្នងរាជ្យនាពេលអនាគត និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ជួបគ្នានាពេលកន្លងមក។ 
ទីក្រុងមួយរបស់អារ៉ាប៊ីសាអូឌីត។ 
ទីក្រុងមួយរបស់អារ៉ាប៊ីសាអូឌីត។ 
ទង់ជាតិអារ៉ាប៊ីសាអូឌីត និងទង់ជាតិអាម៉េរិក។ 
ទង់ជាតិអារ៉ាប៊ីសាអូឌីត និងទង់ជាតិអាម៉េរិក។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត