យប់នេះ ក្រុមបាល់ទះកម្ពុជា ត្រូវការឈ្នះក្រុមហ្វីលីពីនដាច់ខាត ទើបមានឱកាសអ៊ុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
អាន ប៊ុនរ័ត្ននៈ
23 កក្កដា 2026 01:00 PM

រដ្ឋធានីហ្សាការតា៖ ក្រុមម្ចាស់ជើងឯក SEA V-CUP លើកទី៦ ជុំទី១ កម្ពុជា បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរជាថ្មីម្ដងទៀត ក្នុងជំនួបជាមួយក្រុមជើងឯករង ឥណ្ឌូណេស៊ី វគ្គសន្សំពិន្ទុពូលA ថ្ងៃប្រកួតបើកឆាកពានជើងឯក SEA V-CUP លើកទី៦ ជុំទី២ នៅកីឡដ្ឋាន Jakarta International Velodrome ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃម្សិលមិញ ខណៈនៅយប់ថ្ងៃព្រហស្បតិ៍ទី២៣កក្កដានេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវការឈ្នះក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន ជាចាំបាច់ ទើបមានឱកាសអ៊ុតឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន...។

ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី បង្ហាញភាពខ្លាំងរបស់ខ្លួនជាថ្មីម្ដងទៀត ដោយបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិកម្ពុជា ៣សិត០ មាន២ពិន្ទុក្នុងពូលA ពោលគឺក្រុមបាល់ទះជម្រើសជាតិកម្ពុជា មិនអាចតដៃរួចដូចកាលពីប្រកួតវគ្គសន្សំពិន្ទុនៅប្រទេសហ្វីលីពីនដែរ ប៉ុន្តែឱកាសចុងក្រោយរបស់កម្ពុជា បែរជាអាចយកឈ្នះវិញនៅវគ្គផ្តាច់ព្រ័ត្រស្ទើរមិនគួរឱ្យជឿ។ យ៉ាងណា នៅវេលាម៉ោង១៩ៈ០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវការឈ្នះក្រុមបាល់ទះជម្រើសជាតិហ្វីលីពីនជាដាច់ខាតតែម្ដង ដើម្បីមានឱកាសអ៊ុតការប្រកួតរវាងក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន ប្រកួតជុំចុងក្រោយ ជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី វគ្គសន្សំពិន្ទុនេះដូចគ្នា។

ដោយឡែក បើក្រុមបាល់ទះជម្រើសជាតិកម្ពុជា ចាញ់ក្រុមហ្វីលីពីននៅយប់នេះ ច្បាស់ណាស់ថា ពួកគេនឹងត្រូវវេចបង្វិចមកផ្ទះវិញហើយ សម្រាប់ការប្រកួតដណ្តើមពានជើងឯក SEA V-CUP លើកទី៦ ជុំទី២ ព្រោះគ្មានឱកាសឡើងទៅវគ្គបន្តបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ សូមមហាជនចូលរួមលើកទឹកចិត្តក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជាយើង ទាំងអស់គ្នា ទោះបីការប្រកួតជុំទី២ នៃការប្រកួតដណ្តើមពានជើងឯក SEA V-CUP លើកទី៦ យើងធ្លាក់ចេញត្រឹមវគ្គសន្សំពិន្ទុក៏ដោយ ក៏អាចចាត់ទុកថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាធ្វើបានល្អដែរ ព្រោះក្រុមបាល់ទះកម្ពុជា អាចគ្រងតំណែងជើងឯកពាន SEA V-CUP លើកទី៦ ជុំទី១បាន វាជាជោគជ័យធំបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទះនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត