
រដ្ឋធានីម៉ានីល៖ អ្នកការទូតជាន់ខ្ពស់មកពីតំបន់អាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើង បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដានេះ ក្នុងវេទិកាសន្តិសុខតំបន់អាស៊ាន នារដ្ឋធានីម៉ានីល ជាទីដែលរដ្ឋមន្ត្រីការបរទេសនានា ត្រូវបានរំពឹងថា នឹងអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធី បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា ផ្ទុះឡើងជាថ្មី និងកាន់តែស្រួចស្រាវ...។

សង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្ទហ័រមូស្ស អាចជាប្រធានបទក្ដៅគ្របដណ្ដប់លើកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំ ក្នុងវេទិកាសន្តិសុខនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio), រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គី ឡាវរ៉ូវ (Sergei Lavrov), ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស់ (Kaja Kallas) ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន អូស្ត្រាលី ឥណ្ឌា ជប៉ុន អង់គ្លេស និងប្រទេសផ្សេងៗទៀត។ វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា បានក្លាយជាប្រធានបទពិភាក្សាដ៏សំខាន់នៅក្នុងជំនួប ដែលរៀបចំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន១១ប្រទេស និងមានផលិតផលក្នុងស្រុកសរុប (ឬ GDP) រួមគ្នាប្រមាណ ៣,៨ពាន់ពាន់លានដុល្លារ ខណៈប្លុកនេះពឹងផ្អែកយ៉ាងខ្លាំងលើប្រេងកាតពីមជ្ឈិមបូព៌ា។

អនុរដ្ឋមន្ត្រីការបរទេសចិន លោកស្រី ហ៊ួ ជុនយីង (Hua Chunying) បានថ្លែងក្នុងពិធីបើកវេទិកាវាងអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងចិន ថា៖«ពិភពលោកបានឈានចូលដល់យុគសម័យថ្មីនៃបម្រែបម្រួល និងភាពចលាចល។ ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានរាលដាលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ ហើយសន្តិសុខព្រមទាំងភាពធន់ត្រូវបានរំខាន..តម្រូវការក្នុងការរក្សាសន្តិភាព និងស្ថិរភាពបានក្លាយជារឿងកាន់តែបន្ទាន់»។ គិតមកទល់ពេលនេះ មានរយៈពេល១២ថ្ងៃហើយ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈិមបូព៌ាបានដួលរលំ ខណៈកងទ័ពសហរដ្ឋអាម៉េរិកបើកការវាយប្រហារ១២យប់ជាប់ៗគ្នា។ ក្រុមឧទ្ទាមហ៊ូធី ក៏បានអះអាងពីការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតចំនួន២គ្រឿង នៅច្រកសមុទ្ទហ័រមូស្សផងដែរ។

ប្រធានបទក្ដៅមួយទៀតនៃកិច្ចចរចានៅរដ្ឋធានីម៉ានីល គឺបញ្ហាសមុទ្ទចិនខាងត្បូង និងភាពតានតឹងដ៏រ៉ាំរ៉ៃរវាងរដ្ឋធានីប៉េកាំង និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តអាម៉េរិក។ សូមជម្រាបថា ឆ្មាំសមុទ្ទចិន ត្រូវបានពង្រាយយ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនឆ្នាំ ដែលនៅឆ្ងាយពីដែនដីគោករបស់ខ្លួន និងប៉ះទង្គិចគ្នាដោយពាក្យសម្តី រួមទាំងសកម្មភាពប៉ះទង្គិចគ្នាជាមួយយោធាជើងទឹកហ្វីលីពីន នៅជិតប្រជុំកោះ ដែលមានជម្លោះក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រដ្ឋធានីម៉ានីល ធ្វើឱ្យប្រទេសទាំង២ មើលមុខគ្នាមិនចំ។ រដ្ឋធានីប៉េកាំងបានទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងស្រុង នៃសមុទ្ទចិនខាងត្បូង តាមរយៈខ្សែបន្ទាត់នៅលើផែនទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម៕





