អាម៉េរិកប្រាប់អាស៊ាន៖ ការបណ្តោយឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្ទហ័រមូស្ស គឺជារឿងដ៏គ្រោះថ្នាក់បំផុត
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានប្រាប់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅថ្ងៃពុធទី២២ ខែកក្កដានេះថា ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្ទ នឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយ ដែលមានផលប៉ះពាល់ហួសពីតំបន់មជ្ឈិមបូព៌ា...។

លោក ម៉ាកូ រ៉ូប៊ីអូ
លោក ម៉ាកូ រ៉ូប៊ីអូ

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក រូបនេះ ធ្វើឡើង ស្របពេលបញ្ជាការដ្ឋានកណ្តាលអាម៉េរិក បញ្ជាក់ថា ខ្លួនបានចាប់ផ្តើមវាយប្រហារលើគោលដៅយោធាក្នុងប្រទេសអ៊ីរ៉ង់១១យប់ជាប់ៗគ្នា ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់រដ្ឋអ៊ីស្លាមនិយមមួយនេះ ក្នុងការគំរាមកំហែងដល់នាវាពាណិជ្ជកម្មនៅក្នុងផ្លូវទឹកមួយនេះ។ លោក រ៉ូប៊ីអូ បានប្រាប់តំណាងការទូតនៅក្នុងជំនួបនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅរដ្ឋធានីម៉ានីលថា៖«ប្រសិនបើយើងបង្កើតគំរូមួយនៅមជ្ឈិមបូព៌ា ដែលរដ្ឋមួយអាចសម្រេចចិត្តគ្រប់គ្រងផ្លូវទឹកអន្តរជាតិ ទារប្រាក់ និងបាញ់កម្ទេចនាវារបស់អ្នក..នោះនឹងក្លាយជារឿងដ៏គ្រោះថ្នាក់បំផុតមួយ ដែលនឹងកើតឡើងសាជាថ្មីនៅផ្នែកផ្សេងទៀតនៃពិភពលោក រួមទាំងតំបន់នេះផងដែរ»។

លោកបន្ថែមថា៖«នៅក្នុងខ្លឹមសារដើម វាសាមញ្ញណាស់។ អ៊ីរ៉ង់ទាមទារសិទ្ធិមួយ ដែលពួកគេគ្មានទាល់តែសោះ ក្រោមយន្តការច្បាប់ដែលមានស្រាប់ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស»។ លោកបានសង្កត់ធ្ងន់ថា៖«មានគោលការណ៍គ្រឹះមួយអំពីសេរីភាពនៃការធ្វើនាវាចរណ៍ ដែលកំពុងរងការគំរាមកំហែង។ រឿងនេះមិនអាចបណ្តោយឱ្យកើតឡើងបានឡើយ»។ រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ បានបន្ថែមថា សហរដ្ឋអាម៉េរិក នៅតែបើកចំហទ្វារទូតជាមួយអ៊ីរ៉ង់ ប៉ុន្តែរដ្ឋធានីតេហេរ៉ង់មិនមានភាពស្មោះត្រង់នោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត