
រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំជាលើកទី៣ ទៅលើគោលដៅកងទ័ពអ៊ីរ៉ង់ចំនួនប្រមាណ១៤០ទីតាំងបន្ថែមទៀត នៅថ្ងៃទី១២កក្កដានេះ ធ្វើឱ្យចំនួនគោលដៅរងការបំផ្លិចបំផ្លាញកើនឡើងដល់ជាង៣០០កន្លែង ក្នុងរយៈពេលត្រឹមតែ៣យប់ចុងក្រោយ។

យោងតាមការប្រកាសផ្លូវការរបស់បញ្ជាការដ្ឋានកណ្តាលអាម៉េរិក នៅលើបណ្តាញសង្គម X បានឱ្យដឹងថា ប្រតិបត្តិការទម្លាក់គ្រាប់ បានកម្ទេចចំទីតាំងរំសេវ និងមីស៊ីល ឃ្លាំងដ្រូន មូលដ្ឋានទ័ពជើងទឹក បណ្តាញទំនាក់ទំនង និងស្ថានីយរ៉ាដាតាមដានឆ្នេរសមុទ្ររបស់អ៊ីរ៉ង់។ អាម៉េរិកបានបញ្ជាក់ថា ការបើកដៃឱ្យកងទ័ពឆ្មក់វាយប្រហារទ្រង់ទ្រាយធំនេះ គឺដើម្បីសងសឹកភ្លាមៗ បន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាដឹកទំនិញស៊ីវិលមួយគ្រឿង នៅច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវនាវាចរណ៍អន្តរជាតិដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

មុនពេលអាម៉េរិកបើកការសងសឹកនេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ភាគីអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្ទហ័រមូស្សទាំងស្រុង។ លើសពីនេះ អ៊ីរ៉ង់ ថែមទាំងបានបាញ់ព្រមានចំនាវាដឹកទំនិញមួយគ្រឿង ដោយចោទប្រកាន់ថាបានបើកបរខុសគន្លងផ្លូវដែលបានកំណត់។ បញ្ជាការដ្ឋានកណ្តាលអាម៉េរិក បានកំណត់អត្តសញ្ញាណនាវាដែលរងគ្រោះនោះថាមានឈ្មោះ «M/V GFS Galaxy» ជាប្រភេទនាវាដឹកកុងតឺន័រដោតទង់ជាតិប្រទេសស៊ីប (Cyprus) ដែលបានរងការខូចខាតបន្ទប់ម៉ាស៊ីនយ៉ាងដំណំ និងបណ្ដាលឱ្យសមាជិកនាវិកស៊ីវិលម្នាក់បានបាត់ខ្លួន។ អាម៉េរិក ប្រកាសថា នឹងបន្តការពារដាច់ខាតដើម្បីធានាឱ្យមានការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិមួយនេះដោយសេរី៕






