តម្លៃប្រេងពិភពលោកបន្តស្ទុះឡើងយ៉ាងគំហុក ក្រោយត្រាំប្រកាសបិទផ្លូវទឹក និងទារលុយថ្លៃឆ្លងកាត់២០ភាគរយ​
N
Nary Vann
14 កក្កដា 2026 09:31 AM

មជ្ឈិមបូព៌ា៖ តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានបន្តហក់ឡើងថ្លៃយ៉ាងគំហុកនៅព្រឹកថ្ងៃអង្គារទី១៤កក្កដានេះ បន្ទាប់ពីបានស្ទុះឡើងជាង៩ភាគរយ កាលពីថ្ងៃចន្ទម្សិលមិញ។ របត់នេះបានកើតឡើងភ្លាមៗ ក្រោយលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្ម «បិទផ្លូវទឹក» ជាថ្មី លើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ និងបានគំរាមទារលុយ២០ភាគរយ លើរាល់ទំនិញទាំងហ្លាយណាដែលចង់ឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស...។

ប្រេងឆៅសកល Brent បន្តឡើងថ្លៃ២,៥ភាគរយបន្ថែមទៀត ដល់តម្លៃ៨៥,៤០ដុល្លារក្នុងមួយបារ៉ែល (បន្ទាប់ពីឡើង៩,៦ភាគរយ កាលពីម្សិលមិញ) ខណៈប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាម៉េរិក បានកើនឡើង២,៦ភាគរយ ដល់តម្លៃ៨០,១៤ដុល្លារក្នុងមួយបារ៉ែល។ កម្តៅសេដ្ឋកិច្ច និងយោធា បានឡើងដល់កំពូល ក្រោយ ត្រាំ ទាមទារឱ្យនាវាដឹកប្រេងធំៗ ត្រូវបង់ប្រាក់កម្រៃមកឱ្យសហរដ្ឋអាម៉េរិករហូតដល់២០ភាគរយ ឬប្រហែល៣០លានដុល្លារ ក្នុងមួយនាវាខ្នាតយក្ស ជាថ្នូរនឹងការការពារសន្តិសុខ ស្របពេលកងទ័ពសហរដ្ឋអាម៉េរិក បើកការវាយប្រហារតាមអាកាសនៅយប់ទី៣ លើប្រទេសអ៊ីរ៉ង់។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ក្រុមប្រទេសដែលសហរដ្ឋអាម៉េរិកកំពុងជួយការពារនៅតំបន់ច្រកសមុទ្ទ រួមមាន៖ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតា បារ៉ែន និងគូវ៉ែត ត្រូវតែចេញលុយសងសហរដ្ឋអាម៉េរិកវិញ ចំពោះកិច្ចការពារនេះ

ជាការឆ្លើយតប កងទ័ពអ៊ីរ៉ង់ បានប្រើប្រាស់ដ្រូនវាយប្រហារលើទ្រព្យសម្បត្តិយោធាសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសគូវ៉ែត ព្រមទាំងបានបាញ់មីស៊ីលតម្រង់ទិស សំដៅលើនាវាសត្រូវផងដែរ។ ជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី បានបង្ហោះសារឌឺដងដាក់សំណើទារលុយរបស់លោក ត្រាំ លើបណ្តាញសង្គម X ថា៖«អ៊ីរ៉ង់..គឺជាអ្នកគ្រប់គ្រង(ម្ចាស់)ច្រកសមុទ្ទនេះ តាំងពីដើមមក ហើយនឹងបន្តធ្វើជាម្ចាស់រហូតទៅ។ រឿងទារលុយ២០ភាគរយ គឺវាច្រើនហួសហេតុពេកហើយ..ប៉ុន្តែយើងអ្នកចាត់ចែងឡើ​ងវិញ!»។ អ្នកជំនាញផ្នែកថាមពលបានយល់ឃើញថា តម្លៃប្រេងនឹងបន្តរក្សានៅក្នុងរង្វង់៨០ដុល្លារនេះមួយរយៈសិន លុះត្រាមានការប្រែប្រួលធំដុំណាមួយនៅច្រកសមុទ្ទហ័រមូស្ស។ ប្រសិនបើច្រកសមុទ្ទដ៏សំខាន់នេះ ត្រូវបានបើកដំណើរការឡើងវិញ តម្លៃប្រេងអាចនឹងដាំក្បាលចុះមកត្រឹម៦០ដុល្លារវិញ យ៉ាងលឿនបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត