
រដ្ឋធានីវ៉ាស៊ីនតោន៖ ទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៃការធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់៣៧,៥ពាន់លានដុល្លារអាម៉េរិក ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យសភាអនុម័តកញ្ចប់ថវិកាសង្គ្រាមបន្ថែមយ៉ាងប្រញាប់ប្រញាល់។ យ៉ាងណា ជុំវិញការជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់សហរដ្ឋអាម៉េរិកនៅមជ្ឈិមបូព៌ា រងនូវការរិះគន់យ៉ាងគំហុកថា រដ្ឋបាល ត្រាំ កំពុងដុតលុយជាតិក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយអ៊ីរ៉ង់ចោលដោយគ្មានតម្លៃ...។

ថ្លែងនៅក្នុងសវនាការរបស់គណៈកម្មាធិការអនុម័តថវិកានៃព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារទី២១កក្កដា (ត្រូវនឹងថ្ងៃទី២២កក្កដាម៉ោងនៅកម្ពុជា) រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក ភេត ហេកសិត (Pete Hegseth) បានលើកឡើងថា ប្រាក់ចំណាយលើសមរភូមិអ៊ីរ៉ង់ បានស្ទុះឡើងយ៉ាងលឿនស្លេវ។ ដើម្បីបន្តប្រតិបត្តិការយោធា និងទប់ទល់នឹងការខាតបង់នៃសង្គ្រាម គណបក្សសាធារណរដ្ឋ កំពុងរៀបចំកញ្ចប់ថវិកាចំនួន៩៥ពាន់លានដុល្លារ ក្នុងនោះ៦០ពាន់លានដុល្លារ នឹងត្រូវទម្លាក់ទៅឱ្យសមរភូមិសង្គ្រាមដោយផ្ទាល់។ ជុំវិញការកើនឡើងនៃទំហំថវិកាសង្គ្រាមនេះ បានធ្វើឱ្យសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ផ្ទុះកំហឹងយ៉ាងខ្លាំង។ ជាក់ស្តែង លោកស្រី ផាតធី ម្យូរ៉េ (Patty Murray) សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ បានចោទសួរចំៗទៅកាន់រដ្ឋមន្ត្រីក្រសួងសង្គ្រាមថា៖«លោកប្រធានាធិបតី ត្រាំ តែងតែនិយាយថា សង្គ្រាមជិតបញ្ចប់ហើយ ប៉ុន្តែឥឡូវនេះ បែរជាមកទារប្រាក់បន្ថែមជាង៧០ពាន់លានដុល្លារពីពលរដ្ឋទៅវិញ! សង្គ្រាមនេះ កំពុងតែផុងខ្លួនហួសពីការគ្រប់គ្រងហើយ»។

លើសពីនេះ សមាជិកព្រឹទ្ធសភា លោកស្រី ហ្សង់ណេ ហ្សាហ៊ីន (Jeanne Shaheen) ក៏បានដេញដោលបន្ថែមជុំវិញភាពមិនសមហេតុផលនៃការចំណាយថា៖«មន្ទីរបញ្ចកោណ មិនទាន់ទាំងបានប្រើប្រាស់អស់ប្រាក់១៥០ពាន់លានដុល្លារ ដែលសភាបានអនុម័តឱ្យកាលពីឆ្នាំមុនផង បែរជាមកទារលុយបន្ថែមទៀត។ តើហេតុអ្វី បានជាលោកទាមទារឱ្យប្រជាជនអាម៉េរិក រ៉ាប់រងបន្ទុកហិរញ្ញវត្ថុនៃសង្គ្រាមដែលពួកគេមិនបានគាំទ្របែបនេះ..?»។ ការចំណាយដ៏ច្រើនមហាសាលរហូតដល់ជាង ៣៧,៥ពាន់លានដុល្លារអាម៉េរិក នាពេលនេះ មិនត្រឹមតែជាតួលេខនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងជះឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក និងពិភពលោក។ ជាក់ស្តែង ការប្រយុទ្ធគ្នានៅច្រកសមុទ្ទហ័រមូស្ស បានធ្វើឱ្យតម្លៃប្រេងសកល និងតម្លៃសាំងនៅសហរដ្ឋអាម៉េរិកហក់ឡើងថ្លៃខ្លាំង។ គ្រាប់រ៉ុក្កែត និងមីស៊ីលការពារដែនអាកាសរបស់សហរដ្ឋអាម៉េរិក កំពុងថយចុះជាលំដាប់ ដោយសារការវាយប្រហារឥតឈប់ឈរ។ ក្រៅពីខាតបង់ប្រាក់ សហរដ្ឋអាម៉េរិកបានបាត់បង់ជីវិតទាហាន១៧នាក់ និងជាង១០០នាក់ទៀតបានរងរបួស៕




